
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) ថា នគរបាលឥណ្ឌាបានចាប់ខ្លួនបុរសចំនួន ៥នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការចាប់រំលោភបូកលើអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ដោយធ្វើឲ្យការឃាត់ខ្លួនសរុបឡើងដល់ ៨នាក់ហើយ។
ការរំលោភបំពានលើស្ត្រីរូបនេះ ដែលជិះម៉ូតូជាមួយប្តីរបស់នាង បានកើតឡើង កាលពីសប្តាហ៍មុន នៅតំបន់ Dumka ក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា ជាកន្លែងដែលប្តីប្រពន្ធគូនេះ កំពុងបោះតង់សម្រាកលំហែ។ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India (PTI) បានចាក់ផ្សាយវីដេអូរបស់ជនសង្ស័យចំនួន ៥នាក់ ជាប់ខ្នោះដៃ និងចងជាប់គ្នាជាជួរដោយខ្សែពួរ ហើយមន្ត្រីនគរបាលអង្គុយពីមុខ។
កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា០ បុរស ៣នាក់ផ្សេងទៀតបានបង្ហាញខ្លួននៅតុលាការ ដោយមានមួកគ្របក្បាលជិត ហើយក្រោយមកត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង។ ហើយបើយោងតាម PTI មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងតំបន់ លោក Pitamber Singh Kherwar បាននិយាយថា៖ «អ្នកទាំង ៣នាក់ដែលត្រូវបានចាប់ខ្លួនមុននេះ បានផ្តល់របាយការណ៍ថ្មី ដែលក្នុងនោះពួកគេបានរៀបរាប់ឈ្មោះមនុស្សចំនួន ៥នាក់ទៀត ដូច្នេះរហូតមកដល់ពេលនេះ យើងបានចាប់ខ្លួនពិរុទ្ធជនចំនួន ៨នាក់ហើយ»។ លោក Kherwar បានបន្ថែមថា បុរសណាម្នាក់ ប្រសិនបើរកឃើញថា មានទោស នឹងត្រូវប្រឈមនឹង «ការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង»។
ទូរទស្សន៍ NDTV បានរាយការណ៍ថា អាជ្ញាធរបានប្រគល់មូលប្បទានប័ត្រនូវទឹកប្រាក់ចំនួន ១២.០០០ ដុល្លារអាមេរិកឲ្យទៅប្តីប្រពន្ធនេះជាសំណង ក្រោម «គម្រោងសំណងជនរងគ្រោះ»។ ស្ត្រីដែលបង្ហាញអត្តសញ្ញាណខ្លួនឯងនៅលើបណ្តាញសង្គម បានបង្ហោះសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការចាប់ខ្លួនចុងក្រោយនេះ។ នាងបានសរសេរថា «ពួកគេបានចាប់ឧក្រិដ្ឋជនទាំងអស់ ហើយសរុបមាន ៨នាក់» ហើយនាងបានសរសេរអរគុណនគរបាល ដែលបំពេញការងារ «ប្រកបដោយប្រសិទ្ធភាព»៕