
យ៉ាងហោចណាស់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានចំនួន ១២៦នាក់ ត្រូវបានសម្លាប់ នៅតំបន់អាមេរិកឡាទីន ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យពីតុលាការសិទ្ធិមនុស្សអន្តរអាមេរិក (IACHR) ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) ដោយស្ថិតិនេះត្រូវគ្នានឹងតួលេខកាលពីឆ្នាំមុន។
IACHR ដែលជាស្ថាប័នស្វយ័តនៃអង្គការរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានអំពីការមាន «អត្រាខ្ពស់នៃអំពើហិង្សា» ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស នៅក្នុងតំបន់ ដែលការធ្វើឃាតចំនួន ៥៤ករណី ត្រូវបានរាយការណ៍ ត្រឹមតែក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំនេះ។
IACHR បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មិនខុសពីឆ្នាំមុនៗដែរ អំពើហិង្សានេះត្រូវបានធ្វើឡើងតម្រង់ជាពិសេសចំពោះអ្នកការពារដីធ្លី និងបរិស្ថាន ក៏ដូចជាមេដឹកនាំនៃក្រុមជនជាតិដើមភាគតិច និងសហគមន៍ដែលមានដើមកំណើតអាហ្វ្រិក»។
កូឡុំប៊ីគឺជាប្រទេសដ៏គ្រោះថ្នាក់បំផុត សម្រាប់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ដោយអំពើឃាតកម្មបានកើនឡើងដល់ ៣៤ករណី កាលពីឆ្នាំមុន ដោយឡើងពី ២៦ករណី ក្នុងឆ្នាំ២០២២។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ២ ដោយមានអំពើឃាតកម្មចំនួន ១០ករណី តាមពីក្រោយដោយម៉ិកស៊ិកដែលមានចំនួន ៤ករណី ហើយកាតេម៉ាឡា ហុងឌូរ៉ាស និងប៉េរូ ដែលមានអំពើឃាតកម្មចំនួន ៣ករណី ២ករណី និង១ករណី តាមលំដាប់លំដោយ។
IACHR បានអបអរសាទរចំពោះការដំឡើងថវិការបស់ម៉ិកស៊ិកក្នុងគោលបំណងជំរុញកម្មវិធីរបស់រដ្ឋាភិបាល ដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ខណៈពេលដែលបង្ហាញពីការបារម្ភចំពោះការសម្លាប់អ្នកការពារសិទ្ធិមនុស្ស ៤នាក់៕