វាយកូនគោល៖ កីឡាករវាយកូនគោលជប៉ុន Hideki Matsuyama ដែលជាជើងឯកវាយកូនគោលកម្មវិធីធំ The Masters បានធ្វើតេស្តឃើញវិជ្ជមាន Covid-19 ដែលធ្វើឱ្យរូបគេមិនអាចបង្ហាញខ្លួនក្នុងការប្រកួតកម្មវិធីធំមួយទៀតគឺ Open Championship ដែលនឹងចាប់ផ្តើមសប្តាហ៍នេះបាន។

កីឡាករវ័យ ២៩ឆ្នាំជប៉ុនរូបនេះបានធ្វើចត្តាឡីស័កតាំងពីថ្ងៃទី២ ខែកក្កដាម្ល៉េះក្រោយធ្វើតេស្តវិជ្ជមានមុនការប្រកួត Rocket Mortgage Classic។ ទោះជាបីជាគ្មានរោគសញ្ញាអ្វីសោះ Hideki Matsuyama នៅតែបន្តតេស្តឃើញវិជ្ជមានដដែលនៅថ្ងៃអាទិត្យម្សិលមិញ។ Matsuyama បាននិយាយថា សុខភាពរបស់គេនៅពេលស្រួលបួលធម្មតា គ្មានបញ្ហាអ្វីចោទទាល់តែសោះ តែគេមិនអាចធ្វើការហ្វឹកហាត់បានឡើយ ជាពិសេសការធ្វើដំណើរចូលទឹកដីអង់គ្លេស មានការរឹតត្បិតលើវិធានការសុខាភិបាលទៀតនោះ ធ្វើឱ្យរូបគេ និងក្រុមការងារសំរេចចិត្តដកខ្លួនពីការប្រកួតតែម្តង។
Matsuyama នឹងជំនួសដោយកីឡាករអាមេរិក Harold Varner III ក្នុងព្រឹត្តិការណ៍ Open Championship លើកទី ១៤៩ នេះនៅទីលានវាយកូនគោល Royal St. George។ រំលឹកថា Open Championship ដែលជាកម្មវិធីវាយកូនគោលធំប្រចាំឆ្នាំមួយ ត្រូវបានអាក់ខានកាលពីឆ្នាំ២០២០ កន្លងទៅដោយសារវិបត្តិនៃមេរោគរាតត្បាត Covid-19៕
អត្ថបទ៖នាង សុភាវុធ