ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី ៤ ខែមីនា ២០២៤ ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងជួបប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

វត្តមានអញ្ជើញចូលរួមរួមមានឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុក លោកអគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងយល់ពីការងារ កិច្ចសហប្រតិបត្តិការរវាងមន្ទីទាំង ២ កន្លងមកដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយលើការងារការអនុវត្តន៍ផែនការសកម្មភាព ការស្នើថវិកាចំណាយ ចំពោះសកម្មភាពការងារជនជាតិដើមភាគតិចនៅក្នុងខេត្ត។ ក្រោយស្តាប់របាយការណ៍ និងកិច្ចពិភាក្សារបស់អង្គប្រជុំ ឯកឧត្តម រដ្ឋលេខាធិការ ក៏បាននាំយកការផ្តែផ្តាំ និងអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរផងដែរ។ ជាលទ្ធផលក្រោយការស្តាប់សេចក្តីរាយការណ៍ របាយការរបស់មន្ទីទាំង ២ ដែលសហការធ្វើការជាមួយគ្នាកន្លងមក ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ ដែលកន្លងមកបានសហការគ្នាធ្វើការបានលទ្ធផលយ៉ាងល្អ។

នារសៀលថ្ងៃដដែលនោះផងដែរ ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំប្រតិភូក្រសួងដែលមានសមាសសភាពខាងលើ ចុះជួបប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុបន្ត ដែលមានតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ។

ក្រោយបានស្តាប់របាយការណ៍ របស់លោកប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ ដល់ក្រុមការងារមន្ទីរ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំស្រាវជ្រាវ និងរៀបចំបែបបទ នីតិវិធី កំណត់អត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើម រហូតត្រូវបានទទួលស្គាល់អត្តសញ្ញាណត្រឹមត្រូវ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែម ផងដែរពីកិច្ចប្រជុំនេះគឺដើម្បីជជែកអំពីតួនាទី ភារកិច្ចរវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការអនុវត្តសកម្មភាព ដំណើរការចុះកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលនៅសេសសល់ និងការវិភាគថវិការបស់មន្ទីរ ដល់ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងការទូទាត់ថវិកាកម្មវិធី ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។

នៅថ្ងៃទី៥ ខែឆ្នាំដដែល ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការ បានបន្តដឹកនាំប្រតិភូក្រសួង ដែលមានសមាសសភាពខាងលើ ចុះជួបសំណេះសំណាល ប្រជុំការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមានការចូលរួមពីតំណាងមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីស្វែងយល់ការងារ សហការរវាងមន្ទីទាំង ២ ។ ឯកឧត្តមក៏បានណែនាំ និងផ្តល់អនុសាសន៍ឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្ត យកចិត្តទុកដាក់អនុវត្តកម្មវិធីទាំង ៤ របស់ក្រសួង រៀបចំសកម្មភាព ធ្វើផែនការ ដាក់ជូនមន្ទីសេដ្ឋកិច្ចឲ្យបានមុនកាលកំណត់ និងព្យាយាមធ្វើការជាក្រុម ឧស្សាប្រជុំផ្ទៃក្នុង ព្យាយាមដោះស្រាយបញ្ហាសេសសល់ លើកកំពស់ការកសាងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបំពេញការងារតាមភារកិច្ចនិងតួនាទី សម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕


