
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ (ទី៦ ខែមីនា) នេះ បាននិយាយថា ប្រទេសរបស់លោកមានការព្រួយបារម្ភអំពីសកម្មភាពមិនសុវត្ថិភាព និងអស្ថិរភាព នៅក្នុងសមុទ្រចិនខាងត្បូង ដោយការលើកឡើងនេះកើតមានមួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងនាវាចិន និងហ្វីលីពីន នៅក្នុងដែនទឹកដែលមានជម្លោះ។
បើយោងតាមទីក្រុងម៉ានីល បានឲ្យដឹងថា នាវាហ្វីលីពីនដែលបំពេញបេសកកម្មជាប្រចាំទៅកាន់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ត្រូវបាន «រំខាន និងរារាំង» ដោយកងជីវពលដែនសមុទ្រចិន និងនាវាឆ្មាំល្បាតឆ្នេរ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា)។
នៅពេលត្រូវបានសួរអំពីការជួបប្រជុំគ្នានៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងមែលប៊ន លោក Albanese បានឆ្លើយថា សកម្មភាពនេះមានគ្រោះថ្នាក់ ហើយប្រឈមនឹងហានិភ័យ ក្នុងការបង្កើតឲ្យមាននូវកំហុសឆ្គងដែលអាចនាំឲ្យកើនឡើងភាពតានតឹងបន្ថែមទៀត។
លោក Albanese បាននិយាយថា៖ «ខ្ញុំមានកង្វល់យ៉ាងខ្លាំង ហើយអូស្ត្រាលីមានការព្រួយបារម្ភអំពីសកម្មភាពមិនមានសុវត្ថិភាព និងអស្ថិរភាព នៅក្នុងសមុទ្រចិនខាងត្បូងនេះ»៕