ភ្នំពេញ៖លំនៅឋានធ្វើពីឈើប្រក់ស័ង្កសីសង់ជាប់ៗគ្នា នៅក្រោយរបងនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយផ្ទះចំនួន៥ខ្នងរងការខូចខាតអស់ទាំងស្រុង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី០៦ខែមិនា ឆ្នាំ២០២៤នេះហើយ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់។
តាមប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ភ្លើង បានឆាបឆេះចេញពីជាប់ទី១នៃផ្ទះឈើមួយខ្នងដែលម្ចាស់បិទទ្វារទុកចោល ហើយ បានឆេះរាល់ដាល់យ៉ាងរហ័ស ទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះ យ៉ាងសន្ធោសន្ធៅ ។ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នា ជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងរថយន្តទៅអន្តរាគមន៍។
តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្ត ពន្លត់អគ្គីភ័យ ប្រមាណជិត២០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលបានអោយដឹងទៀតថា ផ្ទះដែលត្រូវភ្លើង ឆេះជាប្រភេផ្ទះធ្វើពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម ។អគ្គិភ័យ នេះបានបំផ្លាញផ្ទះអស់៥ខ្នង អស់ទាំងស្រុង រួមជាមួយ សម្ភារះមួយចំនួនទៀត ។ទាក់ទិនការកើតមានអគ្គីភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុ អ្វីឡើយ កំពុងតែ ស្រាវជ្រាវ ។ទោះបីជាយ៉ាងណាគេមានការសង្ស័យ ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ










