ភ្នំពេញ ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាស្រែឆ្លាតវៃសម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ ដែលស្ថិតនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង/មន្ទីរ អភិបាលរងខេត្ត វិស័យឯកជន និងប្រជាកសិករចំនួនប្រមាណ ៨០នាក់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងបណ្តាញសង្គម បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះថាការជ្រើសរើសទីតាំងនេះដើម្បីរៀបចំកម្មវិធី ក្នុងគោលបំណងសំខាន់ដោយហេតុថា វិស័យឯកជន និងប្រជាករបានធ្វើស្រែគំរូចំនួន ៥ហិកតា ក្នុងដីស្រែរបស់កសិករ នៅក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដោយប្រើប្រាស់ពូជសុទ្ធរបស់អគ្គនាយកដ្ឋានកសិកម្ម និងអនុវត្តតាមបច្ចេកទេសដាំដុះសមស្របសម្រាប់ស្រូវប្រាំង ដែលទទួលបានទិន្នផលចំនួន ៧តោន ក្នុង១ហិកតា។
ជាលទ្ធផល ការប្រើប្រាស់ពូជសុទ្ធ និងបច្ចេកទេសដាំដុះត្រឹមត្រូវ បានបង្កើនទិន្នផល ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ។
នាឱកាសនេះ ក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងប្រជាកសិករ ដែលបានខិតខំយ៉ាងខ្លាំងក្លា ក្នុងការជួយគ្រប់បែបយ៉ាង និងគាំទ្រសហការយ៉ាងជិតសិ្នទ្ធ ក្នុងការជួយអភិវឌ្ឍន៏វិស័យកសិកម្ម ដើម្បីរូមចំណែកកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ ៖ ឈិត បូរ៉ាវី








