ភ្នំពេញ ៖ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ រហូតដល់ជាង១៣ម៉ឺនគ្រឿង និងពិន័យប្រាក់ បានជាងមួយប៊ីលានរៀល (៦៣២លាន ១៨២ពាន់រៀល )។
ឯកឧត្ដម ឯក រត្ន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមការងារក្រសួងសាធារណការបានត្រួតពិនិត្យយានយន្តសរុប ៤៤៨ ០៤៧ គ្រឿង ក្នុងនោះ បានរកឃើញការដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៣៤ ៦៧៣ គ្រឿង។ ឯកឧត្ដម ឯក រត្ន បានបន្ថែមថា យានយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ជាង១៣ម៉ឺនគ្រឿងនេះ គឺរកឃើញលើទម្ងន់ក្រោម ៥% មានចំនួន ១៣៣ ៨៧៥ គ្រឿង និងដឹកលើសពី ៥% ដល់២០% សរុប ៧៩៨ គ្រឿង។ បើគិតជាប្រាក់ផាកពិន័យក្នុងត្រីមាសទី៣នេះ មានចំនួន មួយប៊ីលាន ៦៣២លាន ១៨២ពាន់រៀល។
របាយការណ៍ពីគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឯណេះវិញ ក៏បានបង្ហាញឱ្យដឹងដែរថា រយៈពេល ៩ខែ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស បានចំនួន ៤១៥ ៩១៧ គ្រឿង ។ ក្នុងចំណោមរថយន្តដែលរកឃើញដឹកលើសទម្ងន់កម្រិតកំណត់នោះ រួមមាន រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% មានចំនួន ៤១៣ ៣៥៣គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ៥%ទៅ១០% មានចំនួន ៦២គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ១០% ទៅ ២០% មានចំនួន ១ ៦៥៣គ្រឿងនិងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% មានចំនួន ៨៤៩គ្រឿង។
កន្លងមក ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានជំរុញមន្ត្រីទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ បន្តអនុវត្តការងាររឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើរឡើង។ ជាពិសេស គឺយុទ្ធសាស្ត្រក្រុមការងារចល័ត ការសាងសង់ និងការធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយជញ្ជីងថ្លឹងមួយចំនួន គឺមន្ត្រីតាមស្ថានីយ ត្រូវពង្រឹងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕
អត្ថបទ៖ ប្រាក់ វ៉ាន់ដា


