តាកែវ ៖ យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងក្រុងដូនកែវ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ៩ពាន់នាក់ដែលគិតជាភាគរយគឺជាង៣០ភាគរយ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV បានឲ្យដឹងថា គម្រោងចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករព្រះសង្ឃ នៅក្នុងក្រុងដូនកែវចំនួនជិត៣ម៉ឺននាក់ រហូតមកដល់ពេលនេះសម្រេចបានជាង៩ពាន់នាក់ ពោលគឺប្រមាណជាង៣០ភាគរយ ហើយយើងរំពឹងថា នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋទៅតាមផែនការកំណត់។
លោកអភិបាលក្រុងដូនកែវ បានថ្លែងបន្តថា ដំណើរការចាត់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវប្រព្រឹត្តិទៅយ៉ាងរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២១០ នាក់ ក្នុងនោះ ជាសះស្បើយចំនួន១៤៥នាក់ និង៥៥នាក់កំពុងតែសម្រាកព្យាបាល។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងដូនកែវចំនួនជិត៣ម៉ឺននាក់ បានចាប់ផ្ដើមពីថ្ងៃសុក្រ ទី០៩ខែកក្ដដា ឆ្នាំ២០២១ ដោយធ្វើឡើងចំនួន៥ទីតាំងគឺនៅមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តតាកែវ ការិយាល័យស្រុកប្រតិបត្តិដូនកែវ សាលាសង្កាត់រកាក្រៅ និងសាលាសង្កាត់បារាយណ៍។ចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំង គឺត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕
ដោយ ៖ គុជ វិភាគ
