
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីប្រទេសហៃទីដែលរងអំពើហិង្សា ជាទីដែលក្រុមជនអន្ធពាល កំពុងគំរាមកំហែងដល់សង្គ្រាមស៊ីវិលដ៏បង្ហូរឈាម លុះត្រាលោកនាយករដ្ឋមន្ត្រី Ariel Henry ចុះចេញពីតំណែង។
ក្រុមប្រដាប់អាវុធដែលគ្រប់គ្រងតំបន់នានានៃប្រទេសនេះ បានប្រកាសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយដើម្បីបណ្តេញលោក Henry កាលថ្ងៃព្រហស្បតិ៍ ដោយមានអាកាសយានដ្ឋានព័រអូប្រាំង Port-au-Prince ពន្ធនាគារ ប៉ុស្តិ៍នគរបាល និងគោលដៅយុទ្ធសាស្ត្រផ្សេងទៀត ត្រូវបានរងការវាយប្រហារ ចាប់តាំងពីពេលនោះមក។
មេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពល លោក Jimmy Cherizier បានព្រមានកាលពីថ្ងៃអង្គារថា ភាពវឹកវរនាពេលបច្ចុប្បន្ន នឹងឈានទៅដល់សង្គ្រាមស៊ីវិល និង «អំពើប្រល័យពូជសាសន៍» ប្រសិនបើលោកនាយករដ្ឋមន្ត្រី មិនចុះចេញពីតំណែងនោះទេ។
លោក Cherizier ដែលរងទទួលទណ្ឌកម្មពីអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីនេះថា៖«ប្រសិនបើ លោក Ariel Henry មិនលាលែងពីតំណែង ប្រសិនបើសហគមន៍អន្តរជាតិ បន្តគាំទ្រគាត់ យើងនឹងឆ្ពោះទៅរកសង្រ្គាមស៊ីវិលដែលនឹងនាំឲ្យមានការប្រល័យពូជសាសន៍»។