
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley នឹងផ្អាកយុទ្ធនាការប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី នៅថ្ងៃពុធ (ទី៦ ខែមីនា) នេះ។ នេះបើយោងតាមប្រភពដែលដឹងពីគម្រោងរបស់លោកស្រី ដោយការសម្រេចបែបនេះធ្វើឲ្យប្រាកដថា លោក Donald Trump នឹងឈ្នះការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយលោកត្រូវប្រឈមជាថ្មីម្តងទៀតជាមួយប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។
ប្រភពនោះបានប្រាប់ឲ្យដឹងថា លោកស្រី Haley នឹងថ្លែងសុន្ទរកថា នៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ដើម្បីនិយាយអំពីអនាគតរបស់លោកស្រី ក្នុងការប្រកួតប្រជែងនេះ តែលោកស្រីទំនងជាមិនផ្តល់ការគាំទ្ររបស់លោកស្រី ចំពោះគូប្រជែងនោះឡើយ។
លោកស្រី Haley គឺជាគូប្រជែងជាមួយលោក Trump យូរជាងគេ ក្នុងគណបក្សសាធារណរដ្ឋ ប៉ុន្តែមិនបង្ហាញឲ្យឃើញនូវការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះអតីតប្រធានាធិបតី ដែលការទទួលបានការគាំទ្រមូលដ្ឋានរបស់គណបក្ស នៅតែរឹងមាំ ទោះបីជាមានការចោទប្រកាន់រឿងក្ដីព្រហ្មទណ្ឌជាច្រើនករណីក៏ដោយ។
ការប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀត រវាងលោក Trump វ័យ ៧៧ឆ្នាំ និងលោក Biden វ័យ ៨១ឆ្នាំ ពោលគឺជាការប្រជែងតំណែងប្រធានាធិបតីអាមេរិករវាងគូបដិបក្ខដដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៥៦មកនោះ គឺជាអ្វីដែលប្រជាជនអាមេរិកតិចតួចណាស់ចង់ឲ្យកើតឡើង។ ការស្ទង់មតិបង្ហាញថា ទាំងលោក Biden និងលោក Trump ទទួលបានសំឡេងគាំទ្រទាប ក្នុងចំណោមអ្នកបោះឆ្នោត។
លោក Biden បានចាត់ទុកលោក Trump ថា ជាគ្រោះថ្នាក់ដែលអាចកើតមានចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ ខណៈដែលលោក Trump បានស្វែងរកការប្តឹងផ្តល់ឡើងវិញនូវការអះអាងមិនពិតរបស់លោក ដែលថា លោកទទួលបានជ័យជម្នះ កាលពីឆ្នាំ២០២០។
សម្រាប់លោកស្រី Haley ស្រ្តីវ័យ ៥២ឆ្នាំរូបនេះ ទាក់ទាញបានការគាំទ្រពីម្ចាស់ជំនួយដែលមានលុយច្រើន ក្នុងចេតនារារាំងលោក Trump មិនឲ្យឈ្នះការតែងតាំងជាប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋជាលើកទី៣ ជាប់ៗគ្នា ជាពិសេសបន្ទាប់ពីលោកស្រីធ្វើបានយ៉ាងល្អជាបន្តបន្ទាប់នៅក្នុងកម្មវិធីជជែកដេញដោលដែលលោក Trump មិនចូលរួម។ តែនៅទីបំផុត លោកស្រីមិនអាចមានសមត្ថភាពគ្រប់គ្រាន់ចូលទៅបំបែកអ្នកបោះឆ្នោតអភិរក្សនិយម នៅចំពោះមុខការមានប្រៀបរបស់លោក Trump បានឡើយ៕