
គេមើលឃើញថា ការបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់ កំពុងត្រូវបានស្ទាក់ចាប់ នៅភាគខាងជើងអ៊ីស្រាអែល ជាតំបន់ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសលីបង់ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា)។
នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក Najib Mikati (ណាជីប មីកាទិ) បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាដោយប្រយោលស្តីពីការបញ្ចប់អរិភាព នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល នឹងកើតមានអំឡុងខែដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាដានរបស់ពួកមូស្លីម ដែលនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធលីបង់ដ៏មានឥទ្ធិពល គឺក្រុមហេសបូឡាហ៍ (Hezbollah) និងអ៊ីស្រាអែល បាននិងកំពុងបាញ់តបតគ្នាអស់រយៈពេលជិត ៥ខែមកហើយ ពោលគឺកើតមានឡើងស្របគ្នាជាមួយនឹងសង្រ្គាម នៅតំបន់ហ្កាហ្សា ដែលជំរុញឲ្យមានកិច្ចប្រឹងប្រែងការទូត ក្នុងគោលបំណងទប់ស្កាត់ជម្លោះកុំឲ្យកើនឡើង។
ពាក់ព័ន្ធនឹងជម្លោះនេះ លោក Mikati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានសភានៃប្រទេសលីបង់ លោក Nabih Berri ដែលស្និទ្ធនឹងក្រុមហេសបូឡាហ៍ កំពុងសិក្សាសំណើដែលស្នើដោយប្រេសិតអាមេរិក លោក Amos Hochstein ដែលមានវត្តមាននៅទីក្រុង Beirut កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា)៕