
លោកស្រី Yulia Navalnaya ដែលជាភរិយាមេម៉ាយរបស់សពមេដឹកនាំប្រឆាំងលោក Alexei Navalny បានអំពាវនាវឲ្យពលរដ្ឋរុស្ស៊ីចូលរួមការតវ៉ានៅថ្ងៃបោះឆ្នោត នាថ្ងៃត្រង់ថ្ងៃទី១៧ ខែមីនា ហើយបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតីលោក Vladimir Putin ឬបំផ្លាញសន្លឹកឆ្នោតរបស់ពួកគេចោលតែម្ដង។
តាមរយៈវីដេអូដែលបង្ហោះក្នុងឆាណែល YouTube លោកស្រី Navalnaya បាននិយាយថា លោកស្រីទទួលបានកម្លាំងជំរុញចិត្តពីចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបាននាំគ្នាទៅចូលរួមពិធីបុណ្យសព កាលពីសប្តាហ៍មុន បន្ទាប់ពីស្វាមីរបស់លោកស្រីបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងអាកទិក កាលពីថ្ងៃទី១៦ ខែកុម្ភៈ។
លោកស្រីបានជំរុញឲ្យប្រជាជនចូលរួមក្នុងសកម្មភាពថ្ងៃទី ១៧ ខែមីនានេះ ដែលលោក Navalny ឥស្សរជនប្រឆាំងដ៏លេចធ្លោរបស់រុស្ស៊ី បានអំពាវនាវឲ្យធ្វើ ក្នុងរយៈពេលមិនជាយូរប៉ុន្មានមុនពេលលោកបាត់បង់ជីវិត។ គំនិតរបស់លោក គឺថា ប្រជាជនអាចធ្វើការតវ៉ា ដោយគ្មានការប្រឈមនឹងការចាប់ខ្លួន ពោលគឺការប្រមូលផ្តុំក្នុងចំនួនដ៏ច្រើនក្នុងពេលតែមួយ នៅថ្ងៃបោះឆ្នោត ក្នុងទីក្រុងនានាទូទាំងប្រទេស។
លោកស្រី Navalnaya បាននិយាយថា៖ «យើងត្រូវប្រើថ្ងៃបោះឆ្នោត ដើម្បីបង្ហាញថា យើងនៅមានជីវិត ហើយពួកយើងមានច្រើនទៀត យើងជាមនុស្សពិត និងមានដង្ហើមដក ហើយយើងប្រឆាំងលោក Putin។ អ្នកត្រូវទៅកាន់ការិយាល័យបោះឆ្នោតនៅថ្ងៃតែមួយ និងក្នុងពេលតែមួយ ពោលគឺថ្ងៃទី១៧ ខែមីនា វេលាថ្ងៃត្រង់»។
លោកស្រី Navalnaya បានបន្ថែមថា៖ «ចុះអ្វីដែលត្រូវធ្វើបន្ទាប់? ជម្រើសគឺជារបស់អ្នក។ អ្នកអាចបោះឆ្នោតឲ្យបេក្ខជនណាម្នាក់ក៏បាន លើកលែងតែលោក Putin។ អ្នកអាចបំផ្លាញសន្លឹកឆ្នោតចោលតែម្ដង ដោយអ្នកអាចសរសេរឈ្មោះ Navalny ជាអក្សរធំនៅលើសន្លឹកឆ្នោត។ ហើយទោះបីជាអ្នកមិនបានឃើញទិដ្ឋភាពនៅក្នុងការបោះឆ្នោតអ្វីទាំងអស់ ក៏អ្នកគ្រាន់តែមកឈរនៅការិយាល័យបោះឆ្នោត រួចត្រឡប់ទៅផ្ទះវិញ»៕