កាលពីពុធទី៦មីនា សហរដ្ឋអាមេរិក បាននិយាយថា ការចរចាស្ដីពីបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា នៅតែអាចឈានដល់កិច្ចព្រមព្រៀងរវាងក្រមហាម៉ាស និងអ៊ីស្រាអែល ខណៈស្ថានភាពវិបត្តិមនុស្សធម៌ក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ បានជំរុញឲ្យអាហ្វ្រិកខាងត្បូងស្នើជាថ្មីឲ្យតុលាការពិភពលោកចាត់វិធានការបន្ទាន់នានា។

ក្រុមអ្នកចរចាមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស ប្រទេសកាតា និងអេហ្ស៊ីប ដោយគ្មានវត្តមានអ៊ីស្រាអែល កំពុងព្យាយាមសម្រេចឲ្យបានបទឈប់បាញ់រយៈពេល៤០ថ្ងៃ សម្រាប់ឱកាសនៃពីធីបុណ្យខែតបអាហារ រ៉ាម៉ាដាន( Ramadan)របស់មូស្លីមសាសនិក ដែលនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយ។
ទោះបីបរិយាកាសការចរចាហាក់នៅត្រឹងយ៉ាងណាក្ដី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតែអាចកើតឡើងបាន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ (Matthew Miller) បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា យើងនៅតែបន្តជឿថា ឧបសគ្គនានាសុទ្ធតែអាចឆ្លងកាត់បាន ហើយកិច្ចព្រមព្រៀងមួយនឹងអាចសម្រេចបាន ដូច្នេះយើងនឹងបន្តជំរុញទៅមុខ។

ប៉ុន្តែប្រទេសអាហ្វ្រិកខាងត្បូង ដែលកាលពីខែមករា បាននាំសំណុំរឿងមួយទៅកាន់តុលាការយុត្តិធម៌ពិភពលោកក្នុងទីក្រុងឡាអេ ដោយចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានស្នើដល់តុលាការនេះជាថ្មីឲ្យមានបទបញ្ជាគ្រាអាសន្នបន្ទាន់ រួមទាំងបញ្ឈប់ការប្រយុទ្ធគ្នា ព្រោះជនស៊ីវិលប៉ាឡេស្ទីន កំពុងប្រឈមនឹងការអត់ឃ្លានរហូតដល់ស្លាប់៕