សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (០៦ មីនា) ថាខ្លួនកំពុងអំពាវនាវឱ្យនាយករដ្ឋមន្រ្តីហៃទី លោក អារៀល ហិនរី (Ariel Henry) ពន្លឿនការផ្លាស់ប្តូរនយោបាយ ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធស្វះស្វែងរកការបណ្តេញលោកចេញពីតំណែង ស្របពេលមានការដួលរលំនៃសន្តិសុខ និងវិបត្តិមនុស្សធម៌នៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។

លោក ហិនរី ដែលជាមេដឹកនាំបណ្តោះអាសន្ន និងមិនបានជាប់ឆ្នោតរបស់ប្រទេសហៃទី បានស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក នៃដែនដីព័រតូរីកូ ចាប់តាំងពីថ្ងៃអង្គារ ហើយទំនងជាមិនអាច ឬមិនចង់ត្រឡប់ទៅប្រទេសដែលហែកហួរដោយជម្លោះរបស់ខ្លួនវិញនោះទេ ខណៈក្រុមជនអន្ធពាលហៃទីបានព្រមានថាប្រសិនបើលោក ហិនរី មិនលាលែងពីតំណែង ហើយប្រទេសនានានៅតែបន្តគាំទ្រលោកនោះ វាអាចនាំឱ្យមានសង្គ្រាមស៊ីវិល។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកមិនបានជំរុញឱ្យលោក ហិនរី លាលែងពីតំណែងនោះទេ ប៉ុន្តែចង់ឱ្យលោក «ពន្លឿន» ការផ្លាស់ប្តូរអំណាចនយោបាយ ហើយអាមេរិក នឹងមិនជួយនាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ហៃទីរូបនេះត្រឡប់ទៅប្រទេសកំណើតវិញឡើយ។

លោក ហិនរី ដែលកាន់អំណាច ប៉ុន្តែមិនបានជាប់ឆ្នោតចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហូវ៉េនែល ម៉យសេ (Jovenel Moise) ក្នុងឆ្នាំ២០២១មក បានពន្យារពេលការបោះឆ្នោតដែលខ្លួនបានសន្យា ដោយនិយាយថាស្ថេរភាពសន្តិសុខត្រូវតែបង្កើតឡើងជាមុនសិនសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕