ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក បច្ចុប្បន្នកំពុងកង្វះការផ្គត់ផ្គង់អុកស៊ីសែនយ៉ាងធ្ងន់ធ្ងរ ក្នុងការព្យាបាលអ្នកជំងឺ Covid-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។

នេះគឺជាស្ថានភាពប្រែប្រួលខ្លាំងដូចកាលពី ២ខែមុនក្នុងខែឧសភា ប្រទេសឥណ្ឌូនេស៊ីបានផ្តល់ការផ្គត់ផ្គង់អុកស៊ីសែនដល់ប្រទេសឥណ្ឌា នៅពេលដែលប្រទេសនេះរងការវាយប្រហារយ៉ាងខ្លាំង ពីជំងឺរាតត្បាតសកលរលកទី២។ ប្រទេសឥណ្ឌូនេស៊ីបានផ្គត់ផ្គង់ស៊ីឡាំងអុកស៊ីសែនប្រមាណ ៣.៤០០ស៊ីឡាំង និងម៉ាស៊ីនផលិតអុកស៊ីសែនទៅប្រទេសឥណ្ឌា។ មន្ត្រីមន្ទីរពេទ្យមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំងឺវីរុសកូរ៉ូណាចំនួន ៣៣នាក់បានស្លាប់បន្ទាប់ពីមន្ទីរពេទ្យរដ្ឋមួយនៅលើកោះជ្វាដ៏សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ីបានអស់អុកស៊ីសែនរាវ ស្របពេលករណីឆ្លង COVID-19 ហក់ឡើងខ្ពស់ទូទាំងប្រទេស។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានស្នើដល់បណ្ដាប្រទេសជាច្រើន រួមមានប្រទេសចិន សិង្ហបូរី អូស្ត្រាលី ដើម្បីជួយដោះស្រាយកង្វះអុកស៊ីសែន។ ការដឹកជញ្ជូនស៊ីឡាំងអុកស៊ីសែនជាង ១.០០០ស៊ីឡាំង ម៉ាស៊ីនផលិតអុកស៊ីសែន និងឧបករណ៍សុខភាពផ្សេងទៀត បានទៅដល់ពីប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ បន្ទាប់មកទៀតមានម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមចំនួន ១.០០០គ្រឿងផ្សេងទៀតមកពីប្រទេសអូស្ត្រាលី។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ២,៥២៧,២០៣នាក់ និងស្លាប់ ៦៦,៤៦៤នាក់៕
អត្ថបទ៖ សុខមាន