ពលរដ្ឋស៊ូដង់ រាប់លាននាក់កំពុងស្រេកឃ្លាននៅតំបន់មួយចំនួននៃប្រទេសស៊ូដង់ ដែលរងគ្រោះខ្លាំងបំផុតដោយសង្គ្រាម ដែលបានផ្ទុះឡើងកាលពីខែមេសាកន្លងទៅ រួមទាំងតំបន់នៅក្នុងរដ្ឋធានីខាទុម និងនៅតំបន់ វេស ដាហ្វឺ (West Darfur) ជាទីដែលអ្នកស្រុកតាមតំបន់មួយចំនួនមិនទទួលបានជំនួយទាល់តែសោះចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមមក។

នៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ មនុស្សរាប់សែននាក់ប្រឈមមុខនឹងការលំបាកប្រចាំថ្ងៃក្នុងការស្វែងរកអាហារ ខណៈផ្ទះបាយសហគមន៍ដែលពួកគេពឹងអាស្រ័យ ត្រូវបានគំរាមកំហែងដោយការផ្គត់ផ្គង់ធ្លាក់ចុះ និងការដាច់ទំនាក់ទំនងនៅទូទាំងប្រទេសជាច្រើនសប្តាហ៍ថ្មីៗនេះ។

ចំនួនប្រជាជនស៊ូដង់ ប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន ដែលជាដំណាក់កាលមួយមុនកម្រិតទុរ្ភិក្ស បានកើនឡើងច្រើនជាងបីដងក្នុងមួយឆ្នាំរហូតដល់ជិត ៥ លាននាក់ នេះបើយោងតាមការដាក់បញ្ចូលដំណាក់កាលសន្តិសុខស្បៀងអាហារ ដែលជាសន្ទស្សន៍សន្តិសុខស្បៀងទទួលស្គាល់ជាសកល។
ទីភ្នាក់ងារជំនួយជាច្រើន ដែលនិយាយថាពួកគេមិនអាចផ្តល់ស្បៀងអាហារទៅកាន់តំបន់ជាច្រើននៃប្រទេសដែលហែកហួរដោយសង្រ្គាមនេះ កំពុងព្រមានថាភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ ក្នុងពេលរដូវចាប់ផ្ដើមដាំដុះពីខែមេសា ដល់ខែកក្កដា របស់ប្រទេសស៊ូដង់ជិតមកដល់ ដោយសារនោះជាពេលវេលានៃឆ្នាំដែលអាហារមានតិចបំផុតព្រោះកសិករកំពុងដាំដុះ៕
