ទីបញ្ជាការកណ្ដាកសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទី លើនាវាដឹកទំនិញនៅសមុទ្រក្រហមកាលពីថ្ងៃពុធទី៦មីនា បានសម្លាប់មនុស្ស៣នាក់ ជាការវាយប្រហារនាំឲ្យមានបាត់បង់ជីវិតមនុស្សលើកដំបូង ដែលត្រូវបានរាយការណ៍ ចាប់តាំងពីក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្ដើមវាយប្រហារលើនាវាដឹកទំនិញ នៅក្នុងផ្លូវទឹកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

ក្រុមចលនាហ៊ូទី បានអះអាងថាខ្លួនជាអ្នកវាយប្រហារ ដែលបានធ្វើឱ្យនាវា True Confidence មានទង់ជាតិរបស់ប្រទេសកោះ បាបាដូស (Barbados)ជាកម្មសិទ្ធិរបស់ក្រិក ឆេះសន្ធោសន្ធៅនៅចម្ងាយប្រហែល៥០ ម៉ាយក្បែរឆ្នេរសមុទ្រ នៃកំពង់ផែ អាដែន (Aden) របស់ប្រទេសយេម៉ែន។

នៅក្នុងសារមុននេះ នៅលើបណ្ដាញសង្គម X ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមហ៊ូទី ស្ថានទូតអង់គ្លេសបានសរសេរថា យ៉ាងហោចណាស់នាវិកស្លូតត្រង់ ៣នាក់បានស្លាប់។ នេះគឺជាផលវិបាកដ៏ក្រៀមក្រំ ប៉ុន្តែជៀសមិនរួចរបស់ក្រុមហ៊ូទី បានបាញ់មីស៊ីលខ្វះការប្រុងប្រយ័ត្នទៅលើការដឹកជញ្ជូនអន្តរជាតិ។ ពួកគេត្រូវតែបញ្ឈប់សកម្មភាពបែបនេះ។

ក្រុម ហ៊ូទី បាននិងកំពុងវវាប្រហារលើនាវានានា នៅសមុទ្រក្រហមតាំងពីខែវិច្ឆិកាមក ជាអ្វីដែលពួកគេនិយាយថាជាយុទ្ធនាការសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនអំឡុងសង្គ្រាមនៅហ្កាហ្សា ដែលបង្កឡើងដោយការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល។
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាននិងកំពុងចាប់ផ្តើមការវាយប្រហារសងសឹកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ហើយការបញ្ជាក់ពីអ្នកស្លាប់អាចនាំឱ្យមានសម្ពាធសម្រាប់សកម្មភាពយោធាកាន់តែខ្លាំង៕