កសិករដែលកំពុងតវ៉ារាប់ម៉ឺននាក់ និងអ្នកគាំទ្ររបស់ពួកគេបានព្រមានកាលពីថ្ងៃពុធ (០៦ មីនា) ថាពួកគេនឹងធ្វើឱ្យប្រទេសប៉ូឡូញស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយនគរបាលនៅខាងក្រៅសភារបស់ប្រទេសក្នុងរដ្ឋធានីវ៉ាសូវី។

ក្រុមបាតុករបានដើរក្បួនតវ៉ាឆ្ពោះទៅកាន់សភានៅមួយថ្ងៃមុននោះ ជាទីដែលសាក្សីរបស់សារព័ត៌មានរ៉យទ័របានមើលឃើញនគរបាលប្រើដំបង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងប្រឆាំងនឹងក្រុមបាតុករ ខណៈបាតុករខ្លះគប់ដុំថ្ម និងផាវលើកម្លាំងសន្តិសុខ។

លោក ថូម៉ាស អូបហ្សានស្គី (Tomasz Obszanski) មេដឹកនាំសហជីពកសិករបានប៉ាន់ប្រមាណថាអ្នកតវ៉ាមានចំនួនច្រើនម៉ឺននាក់ ខណៈដែលក្រុមមន្ត្រីទីក្រុងវ៉ាសូវី បាននិយាយថាអ្នតវ៉ាមានចំនួនប្រហែល ៣០.០០០ នាក់។

កសិករនៅទូទាំងសហភាពអឺរ៉ុប បាននឹងកំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរការរឹតបន្តឹងដែលដាក់លើពួកគេដោយផែនការកិច្ចព្រមព្រៀងបៃតងរបស់ប្លុកដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ និងទាមទារឱ្យដំឡើងពន្ធគយឡើងវិញលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែនដែលត្រូវបានលើកលែង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី៕