ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤។

ប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលី បានពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការក្រោមសសរស្ដម្ភសហគមន៍ទាំងបីរបស់អាស៊ាន ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ជាពិសេសវឌ្ឍនភាពសម្រេចបានសំខាន់ៗ បន្ទាប់ពីការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១ ព្រមទាំងបានកំណត់ទិសដៅអនាគតសម្រាប់តំបន់ទាំងពីរ ទន្ទឹមនឹងការបញ្ចប់ឱ្យបានឆាប់នូវផែនការសកម្មភាពថ្មី (២០២៥-២០២៩)។
កិច្ចប្រជុំកំពូលពិសេសបានអនុម័តឯកសារចំនួនពីរ គឺទី១ សេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី៖ ដៃគូសម្រាប់សន្តិភាព និងវិបុលភាព និងទី២ សេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន៖ ភាពជាដៃគូសម្រាប់អនាគត។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសសម្តេចធិបតីបានគូសបង្ហាញថា ដោយការផ្សារភ្ជាប់គ្នានៃកត្តាភូមិសាស្រ្ត និងលក្ខណៈរួមគ្នាអាស៊ាន និងអូស្ត្រាលីគឺជាដៃគូដ៏ស្និទ្ធស្នាល។ ចាប់តាំងពីបានក្លាយ ជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីបានរីកលូតលាស់កាន់តែខ្លាំងឡើងៗជាលំដាប់ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងឈានដល់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១។ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងវិបុលភាពនៅក្នុងតំបន់កម្ពុជាតែងតែផ្អែកលើបំណងប្រាថ្នាមួយ និងមកការជឿជាក់គ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

អាស្រ័យដោយអាស៊ាន និងអូស្ត្រាលីមានសក្តានុពលកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ដូចគ្នា សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម និងទន្ទឹងការចូលជាធរមាននៃពិធីសារទីពីរដើម្បីធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា។ សម្តេចធិបតីក៏បានស្វាគមន៍ការផ្តោតការយកចិត្តទុកដាក់របស់អូស្ត្រាលីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតំបន់អាស៊ីអាគ្នេយ៍ និងការដាក់ចេញនូវរបាយការណ៍ស្តីពី «វិនិយោគ៖ យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្ពោះទៅឆ្នាំ២០៤០។

សម្តេចធិបតី បានលើកឡើងនូវតម្រូវការបន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដោយបានបញ្ជាក់ថា ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការអប់រំប្រកបដោយគុណភាពខ្ពស់របស់អូស្ត្រាលី តាមរយៈអាហារូបករណ៍អូស្ត្រាលីសម្រាប់អាស៊ាន, អូស្ត្រាលី សម្រាប់គំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលអាស៊ាន និងជំនាញសម្រាប់ពេលអនាគត, និងអាហារូបករណ៍អូស្ត្រាលី Awards។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះភាពជាដៃគូអូស្ត្រាលីសម្រាប់គំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ និងចំពោះការគាំទ្ររបស់ខ្លួនដល់កម្មវិធីពង្រឹង សមត្ថភាពមន្ត្រីរាជការកម្ពុជា និងវិស័យឯកជនក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។

នៅក្នុងសម័យប្រជុំចង្អៀតប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលីក៏បានពិភាក្សាលើបញ្ហាជា យុទ្ធសាស្ត្រ ដែលជាកង្វល់ និងផលប្រយោជន៍រួម និងវិធីសាស្ត្រដែលអាស៊ាន និងអូស្ត្រាលីអាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងពហុភាគីនិយមដែលសេរី បើកចំហ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងផ្អែកលើវិធានច្បាប់។ បន្ថែមពីលើនេះសម្តេចធិបតីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាការទំនាក់ទំនង និងវិធានការ កសាងជំនឿទុកចិត្តគ្នា ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងសាកលលោក៕ អត្ថបទ៖ វ៉ន ដារ៉ា
