ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចប្រទេសសមាជិកអាស៊ានដទៃទៀតដែរ។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។
ឯកឧត្តមថ្លែងថា នាយករដ្ឋមន្រ្តីអូស្រ្តាលីបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយអស្ចារ្យក្នុងន័យថា ជាប្រទេសមួយមានភាពធន់ខ្លាំង គួរឱ្យស្ញប់ស្ញែង ដ្បិតកម្ពុជាបានឆ្លងកាត់សោកនាដកម្មមួយពាន់ជំពូក រួមទាំងបានឆ្លងកាត់របបប្រល័យពូជសាសន៍ថែមទៀត ប៉ុន្ដែឥឡូវក្លាយជាប្រទេសរឹងមាំ ដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបន្តអភិវឌ្ឍ ដោយតាមប្រកិតពីក្រោយបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ដែរ។
សូមជម្រាបថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងជាង៧ទសវត្ស កន្លងមកហើយ ដោយអូស្រ្តាលីជួយកម្ពុជាច្រើន ជាពិសេសអំឡុងស្វែងរកសន្តិភាព ជូនកម្ពុជានៅក្នុងទសវត្ស ឆ្នាំ១៩៩០ ហើយពេលនេះអូស្រ្តាលីបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងក្នុងវិស័យគន្លឹះៗជាច្រើន ដូចជាកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ និងការការពារសន្តិសុខជាដើម។
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា អូស្ត្រាលី បានដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្របខ័ណ្ឌក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ អូស្រ្តាលីគ្រោងនឹងសហការជាមួយកម្ពុជា នៅលើវិស័យមួយចំនួនដូចជាវិស័យកសិកម្មដែលត្រូវតែលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ ព្រមទាំងវិស័យទេសចរណ៍ជាដើម។ តាមរយៈវិស័យទេសចរណ៍នេះដែរ រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយស្តីពីសេវាកម្មដឹកអញ្ជូនតាមផ្លូវអាកាស ហើយគោលដៅគឺជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីជាអាទិ៍ នៅលើវិស័យទេសចរណ៍នេះឯង៕ អត្ថបទ៖ វ៉ន ដារ៉ា
