លោកស្រី នីគី ហាលី(Nikki Haley) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបោះបង់ចោលការប្រកួតប្រជែងតំណែងបេក្ខភាពប្រធានាធិបតីរបស់លោកស្រី កាលពីថ្ងៃពុធ ទី៦ ខែមីនាសប្ដាហ៍នេះ។
ការសម្រេចរបស់លោកស្រី ឈានទៅរកការបើកផ្លូវឲ្យលោក Donald Trump ទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយលោកនឹងជួបគ្នាជាថ្មីម្តងទៀតជាមួយប្រធានាធិបតីលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។

អតីតអភិបាលរដ្ឋ South Carolina វ័យ៥២ឆ្នាំ ជាបេក្ខជនក្រោយបំផុតដែលបានឆ្លងកាត់យុទ្ធនាការដណ្ដើមតំណែងបេក្ខភាពប្រធានាធិបតីជាមួយលោកTrump នៅតាមបណ្ដារដ្ឋជាច្រើនមកនេះក៏បាននិយាយផងដែរថា លោកស្រីគ្មានការសោកស្ដាយទេចំពោះការបោះបង់ចោលការប្រកួតប្រជែងនេះ ហើយលោកស្រីក៏មិនគាំទ្រអតីតប្រធានាធិបតីរូបនេះដែរ។ លោកស្រីនឹងមិនជួយគៀរគររកសំឡេងឆ្នោតពីក្រុមអ្នកគាំទ្ររបស់លោកស្រីដើម្បីជួយលោក Trump ដែរ ដោយហៅពេលវេលានេះថានេះជាឱកាសរបស់លោកហើយ។

ថ្លែងនៅក្នុងទីក្រុង Charleston រដ្ឋ South Carolina កាលពីថ្ងៃពុធ លោកស្រីបាននិយាយថា ខ្ញុំបាននិយាយហើយថាខ្ញុំចង់ឲ្យពលរដ្ឋអាមេរិក បានលឺសំឡេងសំឡេងរបស់ពួកគេ ។ខ្ញុំធ្វើបានហើយ ។ខ្ញុំគ្មានការសោកស្ដាយទេ។
ការប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀត រវាងលោក Trump វ័យ ៧៧ឆ្នាំ និងលោក Biden វ័យ ៨១ឆ្នាំ ដែលជាការប្រជែងតំណែងប្រធានាធិបតីអាមេរិករវាងគូបដិបក្ខដជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៥៦មកនោះ គឺជាអ្វីដែលប្រជាជនអាមេរិកភាគច្រើនមិនចង់បាន។ តាមការស្ទង់មតិពលរដ្ឋអាមេរិក ភាគច្រើនមិនចង់ឃើញលោកទាំង២ប្រកួតប្រជែងគ្នាទេ៕