បណ្តាក្រុមយុវជន យុវនារី ដែលស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ និងងាយរងហានិភ័យគិតត្រឹមថ្ងៃទី៧ ខែមីនានេះ ពួកគេទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែដំបូងរួចហើយ ក្រោយពីពួកគេបានខិតខំរៀនជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនចំនួន ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាល។

បណ្តាក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងរៀនជំនាញវិជ្ជាជីវៈ TVET នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា មកដល់ពេលនេះពួកគេទាំងអស់គ្នាដែលបានចូលរៀនជំនាញវិជ្ជាជីវៈ និងមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ និងបណ្ណងាយរងហានិភ័យជាដើម គឺបានបើកប្រាក់ខែ ២៨ម៉ឺនរៀលនៅក្នុងខែដំបូងរួចរាល់អស់ហើយ ពីរាជរដ្ឋាភិបាល ក្រោយពួកគេទាំងអស់បានចូលរៀនជំនាញវិជ្ជាជីវៈរយៈពេល១ខែ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អន ថ្លែងថា នៅក្នុងខែដំបូង នៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនចំនួន១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល មានយុវជនយុវនារីមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួនជាង ៥៣០០នាក់ គឺបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពីរាជរដ្ឋាភិបាល ហើយប្រាក់ឧបត្ថម្ភនេះបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធគណនីវីង របស់យុវជន យុវនារីផ្ទាល់សម្រាប់ម្នាក់ៗរួចអស់ហើយ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានលើកឡើងថា ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥នាក់ គឺសាលា TVET ទទួលគ្រប់យុវជនចូលរៀនមានកម្រិតចំណេះដឹងចាប់ពីថ្នាក់ទី៩ ឡើងទៅដោយមិនមានការបង់ថ្លៃសិក្សា ពោលយុវជនដែលចូលសិក្សាជំនាញនេះគឺចំណេញថវិកាបង់ថ្លៃសាលាប្រមាណជាង ៤០០ ដុល្លារ។ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យគឺរាជរដ្ឋាភិបាលឧបត្ថម្ភបន្ថែមចំនួន២៨ម៉ឺនរៀល និងផ្តល់កន្លែងស្នាក់នៅផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា




