ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៦ ខែមីនានេះ បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្រ្ដីស្ត្រីនៅអង្គភាពជាង ៣៤០ នាក់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការស៊ីម៉ាក់ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ក្នុងឱកាសនោះថា ស្ត្រីនៃអង្គភាពស៊ីម៉ាក់ទទួលបានការកោតសសើរយ៉ាងខ្លាំងពីមជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ថាជាយុទ្ធនារីដែលមានភាពអង់អាចក្លាហានមិនចាញ់បុរសក្នុងបុព្វហេតុ ដើម្បីសុខសុវត្ថិភាពសង្គមជាតិ។ ជាពិសេសជួយកាត់បន្ថយមិនឲ្យមានមនុស្ស និងសត្វត្រូវរងគ្រោះថ្នាក់ របួសពិការឬបាត់បង់ជីវិតតទៅទៀត តាមរយៈសកម្មភាពប្រឹង ប្រែងធ្វើការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្ថិតនៅក្នុងដី ព្រៃភ្នំ និងនៅក្រោមបាតទឹកស្ទឹងបឹងទន្លេ ដោយមិនគិតពីគ្រោះថ្នាក់ដល់ខ្លួនឬពីការនឿយហត់នោះឡើយ។

ឯកឧត្តមបានបន្តថា ស្រ្តីដែលកំពុងបម្រើ ការងារក្នុងអង្គភាពស៊ីម៉ាក់នាពេលបច្ចុប្បន្នកាន់តែមានចំនួនច្រើន ឡើងដែលពីក្នុងឆ្នាំ១៩៩៣មានកម្លាំងស្ត្រីតែប្រមាណ ១០ នាក់រហូតមកដល់ឆ្នាំ២០២៤នេះ មានដល់ទៅ ជាង៣៣០ នាក់ ស្មើប្រមាណជាង ១៨% នៃមន្ត្រីជំនាញ។
ឯកឧត្តម ហេង រតនា ក៏បានសំណូមពរដល់មន្រ្ដីជាស្តី្រទាំងអស់ ត្រូវមានការជឿជាក់លើខ្លួនឯងក្នុងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៏សង្គម ដើម្បីលើកកំពស់សមភាពក្នុងសង្គម និងត្រូវខិតខំបង្កើនសមត្ថភាពការយល់ដឹងផ្នែកឌីជីថល។

នៅក្នុងឱកាសនោះដែរស្ត្រីនៅអង្គភាពស៊ីម៉ាក់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស៊ីម៉ាក់ ដែលតែងតែបានខិតខំប្រឹងប្រែង ស្វះស្វែង គិតគូ ររិះរកមិនខ្លាចហត់នឿយ ពុះពារគ្រប់បញ្ហាលំបាកៗជាច្រើន ដែលមិនត្រឹមតែក្នុងកិច្ចការប្រតិបត្តិការបោសសម្អាតមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដោយបញ្ចូលសមាសភាពនារីទៅក្នុងគម្រោងនានា ថែមទាំងបាននិងកំពុងគិតគូដល់កិច្ចការសេវាសុខមាលភាព ព្រមទាំងការបង្កើនជំនាញបច្ចេកទេសនិង ចំណូលសេដ្ឋកិច្ច ដល់គ្រួសាររបស់បុគ្គលិកទៀតផង៕ ដោយ៖ ភារម្យ





