ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញ បន្តរក្សាជំហរគាំទ្រភាពស្មើគ្នាលើសិទ្ធិស្រ្តីក្នុងភាពជាអ្នកដឹកនាំ។
ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨ មីនា ខួបទី១១៣ និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា ផ្អែកតាមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ពិតជាបានរំលេចពីគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលជាបុព្វហេតុ នៃសន្តិភាពពេញលេញសម្រាប់ប្រជាជាតិកម្ពុជា។

នាឱកាសនោះឯកឧត្តម បានវាយតម្លៃខ្ពស់ និងអរគុណចំពោះគណៈកម្មការកិច្ចការនារី ដែលបានរំលេចអំពីការងារសង្គមកិច្ច សកម្មភាពសប្បុរសធម៌ ស្ថានភាពចំណូល-ចំណាយ ព្រមទាំងផែនការសកម្មភាពដែលត្រូវបំពេញក្នុងឆ្នាំ២០២៤។ ឯកឧត្តមបានស្នើដល់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបន្តអនុវត្តតួនាទីភារកិច្ច និងប្រើប្រាស់ធនធានរបស់គណៈកម្មការប្រកបដោយតម្លាភាព ស័ក្តិសិទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមគោលការណ៍ និងទិសដៅដែលបានកំណត់។

ឯកឧត្តមមានប្រសាសន៍ថា មូលបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ពិតជាមានភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីកម្ពុជា ក្រោមម្លប់សន្តិភាពដែលជាផលទទួលបានពីការអនុវត្តន៏ត្រឹមត្រូវអស់រយៈកាលជាង ២៥ឆ្នាំកន្លងមក នៃនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យស្ត្រីកម្ពុជាទទួលបានផលពីការអនុវត្តរបស់រាជរដ្ឋាភិបាលនូវកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិស្ត្រីកាន់តែទូលំទូលាយជាលំដាប់។

ជាក់ស្តែងមុនវិបត្តិកូវីដ១៩ យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកលើគម្លាតយេនឌ័រ ដែលផ្នែកលើសូចនាករក្នុងវិស័យចំនួន៤ គឺ សេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីស្ត្រីនៅក្នុងវិស័យនយោបាយបង្ហាញថាកម្ពុជាសម្រេចបាននូវវឌ្ឍនភាពកាត់បន្ថយគម្លាតយេនឌ័រពីលេខរៀង១១២ ក្នុងចំណោម ១៤៤ ប្រទេសក្នុងឆ្នាំ២០១៦ មកលំដាប់លេខ ៨៩ ក្នុងចំណោម១៥៣ប្រទេសនៅឆ្នាំ២០២០។
ឯកឧត្តម អ៊ឹម ឈុនលឹម សង្ឃឹមថាមន្ត្រីរាជការទាំងអស់ក្នុងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញនឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ ព្រមទាំងបង្កើនការប្រើប្រាស់ជំនាញឌីជីថល ដើម្បីចូលរួមបំពេញភារកិច្ចស្នូលជូនស្ថាប័នឱ្យកាន់តែសកម្ម និងប្រសើរឡើង ក្នុងស្មារតីរួមគ្នារក្សាសុខដុមនីយកម្ម និងលើកស្ទួយគុណតម្លៃទាំងបីរបស់ស្ថាប័នកំពូលនេះ៕ អត្ថបទ៖ សេក ឧត្តម



