ភ្នំពេញ ៖ អនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រីរូបណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្រោមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងខ្លួន។ ការធ្វើតេស្តស្វែងរកសារធាតុញៀននេះបានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ និងមន្ត្រីកិច្ចសន្យាផងដែរ។

សូមជម្រាបជូនថា មន្ត្រីបំរើការងារនៅសាលារាជធានីភ្នំពេញមានសរុបចំនួន ៥៤៧រូប ហើយក្នុងចំនួននេះ ក្រោយការធ្វើតេស្ត គឺមិនមានមន្ត្រីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួនឡើយ ពោលគឺល្អ១០០%។
គួរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញបទបញ្ជាជាវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


