ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កោតសរសើរដោយស្មោះចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកនេះ បានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី០៧ ខែ មីនា នេះ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដល់យោធិននារី ត្រូវបន្តផ្តល់ឱកាស និងបង្កលក្ខណៈឱ្យនារី បានបង្កើន សមត្ថភាពចំណេះដឹង និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង។ ត្រូវផ្ដោតការយកចិត្តទុកដាក់លើ ការធានាឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល ជាពិសេសចំពោះយុវជនបន្តវេន ដើម្បីជំរុញឱ្យការធ្វើអន្តរ កម្មរបស់យោធិនគ្រប់រូបនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គមឌីជីថល កាន់តែមានប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។

ឯកឧត្ដម បានរំលឹកថា ទិវាអន្តរជាតិនារី ៨ មីនា ដែលបានរៀបចំប្រារព្ធនាពេលនេះ ដើម្បីរំលឹកពី ភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូបនៅក្នុងកងយោធពលខេមរភូមិន្ទ ។
យោធិននារី បានបង្ហាញនូវក្ដីអំណរគុណចំពោះរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន តែងតែបានយកចិត្តទុកដាក់ និងលើកកម្ពស់តម្លៃយោធិននារី ឱ្យចូលរួមការងារគ្រប់បែបយ៉ាងដូច បុរសផងដែរ។ ពួកគេបានប្តេជ្ញាបង្កើនសមត្ថភាពថែមទៀត ពិសេសជំនាញឌីជីថលនាពេលចុងក្រោយនេះ ដើម្បី ធ្វើឱ្យការប្រតិបត្តិការងារកាន់តែមានប្រសិទ្ធភាព ។

រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ការ លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជា ពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕ អត្ថបទ៖ ទូច សោភ័ណ





