សារព័ត៌មានCBC បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសកាណាដា គ្រោងនឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន ( UNRWA) ជាច្រើនសប្តាហ៍ បន្ទាប់ពីការផ្អាកការបរិច្ចាគជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិកចំនួន១២នាក់ របស់ទីភ្នាក់ងារនេះ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

សារព័ត៌មាន CBC បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះម្នាក់ថា រដ្ឋាភិបាលសហព័ន្ធ គ្រោងនឹងបន្តការបង់ប្រាក់២៥លានដុល្លារកាណាដា (១៨,៥លានដុល្លារ) ដែលបានគ្រោងទុក នៅក្នុងខែមេសា និងប្រកាសការផ្តល់មូលនិធិថ្មី។
អ្នកនាំពាក្យក្នុងក្រសួងការបរទេស និងក្នុងក្រសួងអភិវឌ្ឍន៍អន្តរជាតិដែលគ្រប់គ្រងជំនួយកាណាដា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មានCBCទេ។
ប្រសិនបើមានការបញ្ជាក់ កាណាដាអាចស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលមិនបង្កកមូលនិធិសម្រាប់ទីភ្នាក់ងារដែលជួលមនុស្ស ១៣.000នាក់ នៅតំបន់ហ្កាហ្សា ដើម្បីដំណើរការសាលារៀន គ្លីនិកថែទាំសុខភាព និងសេវាសង្គមផ្សេងទៀត និងចែកចាយជំនួយមនុស្សធម៌។
ប្រធានផ្នែកទំនាក់ទំនងរបស់ UNRWA លោកស្រី Juliette Touma បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសចំនួន១៦ ដែលបានផ្អាកការផ្តល់មូលនិធិសរុបចំនួន៤៥០លានដុល្លារដល់ UNRWA បានបដិសេធការសម្រេចចិត្តរបស់ពួកគេនៅឡើយទេ។
រដ្ឋមន្ត្រីការបរទេសន័រវែស លោក Espen Barth Eide បាននិយាយកាលពីថ្ងៃពុធថា ប្រទេសជាច្រើននៃ បណ្តាប្រទេសទាំងនោះ ទំនងជាមានគំនិតទីពីរ ហើយការទូទាត់ប្រាក់ជំនួយ អាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។