ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសស៊ុយអែត បន្តការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចែករំលែកការអនុវត្ត និងការតស៊ូមតិសម្រាប់ការចូលរួមជាអន្តរជាតិ នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ ដើម្បីពង្រឹងដំណើររួមគ្នាឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។

ការលើកជាសំណើរស្វែងរកការគាំទ្រពីប្រទេសស៊ុយអែតធ្វើឡើង ក្នុងខណៈឯកឧត្ដមបណ្ឌិត លី ធុជ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Ann-Sofie NILSSON ឯកអគ្គរដ្ឋទូតសម្រាប់ការរំសាយអាវុធ និងការមិនរីកសាយភាយនៃក្រសួងការបរទេសស៊ុយអែតនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស៊ុយអែត សម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំយល់ដឹងអំពីមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍រងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕ ដោយ៖ ភារម្យ


