ម្ចាស់សិទ្ធិផ្តាច់មុខនៅមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាខ្លួនបានចាប់ផ្តើមបណ្តេញបុគ្គលិកប្រហែល ២.០០០ នាក់នៅក្នុងហាងកាហ្វេរបស់ខ្លួននៅទូទាំងតំបន់ បន្ទាប់ពីម៉ាកយីហោនេះបានរកឃើញថាខ្លួនជាគោលដៅរបស់សកម្មជនក្នុងការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ខ្លួន ដោយសារសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

សម្ព័ន្ធ អាល់ស្ហាយ៉ា គ្រុប (Alshaya Group) ដែលមានមូលដ្ឋាននៅប្រទេសគុយវ៉ែត និងជាក្រុមហ៊ុនឯកជនបែបគ្រួសារមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ការបញ្ឃប់បុគ្គលិកចំនួន ២.០០០ នាក់នេះនៅទីតាំងហាងរបស់ខ្លួនក្នុងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី០៧ ខែតុលាមក ក្រុមហ៊ុន ស្តារបាក់ស៍ បានរកឃើញថាខ្លួនរួមទាំងម៉ាកយីហោរបស់លោកខាងលិចផ្សេងទៀត ត្រូវបានកំណត់គោលដៅដោយសកម្មជនគាំទ្រប៉ាឡេស្ទីនជុំវិញសង្រ្គាមហ្កាហ្សា ដោយការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលដែលជាប់ពាក់ព័ន្ធនឹងសង្រ្គាម។

ក្រុមហ៊ុននេះបាននឹងកំពុងព្យាយាមប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជា «ព័ត៌មានមិនពិត និងបំភាន់ដែលត្រូវបានចែករំលែកអំពី ស្តារបាក់ស៍» កំពុងត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត៕