វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អូស្ត្រាលី Ashleigh Barty បានក្លាយជាជើងឯកការប្រកួត Grand Slam, Wimbledon លើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាការិនីឆេក Karolina Pliskova នៅវគ្គផ្តាច់ព្រ័ត្រ។

Ashleigh Barty បានក្លាយជាកីឡាការិនីវាយកូនបាល់អូស្ត្រាលីទី ១ ក្នុងរយៈពេល ៤១ឆ្នាំដែលឈ្នះពាន Wimbledon តាំងពីឆ្នាំកីឡាការិនី Evonne Goologang Cawley ឈ្នះចុងក្រោយបំផុតនៅឆ្នាំ១៩៧៧។ បន្ទាប់ពីឈ្នះសិតដំបូង ៦-៣ Barty ត្រូវបានកីឡាការិនីឆេក Pliskova តាមស្មើវិញនៅសិតទីពីរ ៧-៦(៧-៤) មុនឈានដល់សិតកាត់សេចក្តីដែល Barty យកឈ្នះ ៦-៣។ នេះជាការឈានឡើងវគ្គផ្តាច់ព្រ័ត្រ Wimbledon លើកដំបូងសំរាប់កីឡាការិនីទាំងពីរតែ Ashleigh Barty ធ្លាប់ឈ្នះពាន Wimbledon នេះម្តងដែរកាលពីឆ្នាំ២០១១ តែក្នុងក្របខណ្ឌយុវជននៅពេលមានវ័យត្រឹម ១៥ នៅពេលនោះ។
នេះជាពាន Grand Slam ទី២ ប៉ុណ្ណោះសំរាប់ Ashleigh Barty បន្ទាប់ពីឈ្នះពាន Grand Slam ដំបូងឆ្នាំ២០១៩ នៅ French Open ខណៈ Australian Open ធ្លាប់បានត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ២០២០ និង US Open បានត្រឹមជុំទី៤ នៅឆ្នាំ២០១៨ និង ២០១៩។ ជ័យជំនះនេះក៏បានធ្វើឱ្យកីឡាការិនីវ័យ ២៥ឆ្នាំរូបនេះ បង្កើនពិន្ទុនាំមុខក្នុងតារាងចំណាត់ថ្នាក់ពិភពលោករក្សាតំណែងលេខ ១៕
អត្ថបទ៖នាង សុភាវុធ