ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អ្នកស្រី លី អាយឡែន (Li Ailan) បានព្រមានថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ចូលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា កំពុងតែរីកធំឡើងៗ និងអាចលើសពីសមត្ថភាពនៃការគ្រប់គ្រងបានរបស់វិស័យសុខាភិបាល។
អ្នកស្រី លី អាយឡែន បានព្រមានបែបនេះនៅលើទ្វីធ័រផ្ទាល់ខ្លួនរបស់អ្នកស្រី ដោយបញ្ជាក់ថា បញ្ហានេះកាន់តែរីកធំ ប្រសិនបើវិធានការបុគ្គល និងសង្គម មិនត្រូវបានអនុវត្តឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាពទេនោះ។
តំណាងអង្គការសុខភាពពិភពលោក និយាយថា មេរោគកូវីដ-១៩ កំពុងសាយភាយធំធេង ហើយជីវិតមនុស្សកាន់តែច្រើន នឹងបាត់បង់។
កាលពីខែមេសាកន្លងមក អ្នកស្រី លី អាយឡែន បានព្រមានម្ដងហើយថា កម្ពុជាកំពុងស្ថិតនៅមាត់ច្រាំងនៃសោកនាដកម្ម ដោយសារតែការឆ្លងរីករាលដាលយ៉ាងលឿននៃមេរោគកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សរហូតដល់ ៦១ ៨៧០នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមនុស្ស ៩២៥នាក់បានស្លាប់បាត់បង់ជីវិត ហើយអ្នកជំងឺ ៥៣ ៤៧៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ៕
