
នៅភាគខាងកើតអ៊ុយក្រែន ជំនោររបស់សង្រ្គាមមិនមែនត្រឹមបានប្រែប្រួលនោះទេ តែវាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ហើយអ្នកស្រុកម្នាក់ឈ្មោះ Mariya ពេលរៀបចំខ្ចប់ទូរទស្សន៍នៅក្នុងផ្ទះល្វែងរបស់ខ្លួន នៅទីក្រុង Kostyantynivka នាងបាននិយាយថា «យើងដឹងពីអ្វីដែលនឹងកើតមាន»។ នាងបានផ្ញើទូរទស្សន៍នេះទៅក្រុងគីវមុនពេលធ្វើដំណើរទៅទីនោះជាមួយកូនប្រុសរបស់នាង។
នាង Mariya បានប្រាប់ថា៖ «យើងនឿយហត់ពេញមួយថ្ងៃ ដោយមានអារម្មណ៍ភ័យព្រួយ និងស្លន់ស្លោជាប់។ វាធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្តជាប់ជានិច្ច ហើយយើងភ័យខ្លាចណាស់»។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ រុស្ស៊ីបានដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Avdiivka។ ចាប់តាំងពីពេលនោះមក ពួកអ្នកលុកលុយនេះបានរុលទៅទិសខាងលិចបន្ថែមទៀត ហើយបានដណ្តើមយកភូមិមួយចំនួនទៀត។
អ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនកំពុង «ទប់ទល់»។ ប៉ុន្តែពេលនេះ កងទ័ពរុស្ស៊ីកំពុងវាយលុកក្នុងតំបន់ចំនួន៥ តាមខ្សែត្រៀមជួរមុខចម្ងាយ ១.១០០គីឡូម៉ែត្រ។ ហើយនៅទីនេះ គឺនៅតំបន់ Donetsk ភាគខាងកើត ដែលខ្សែត្រៀមការពាររបស់អ៊ុយក្រែនកំពុងប្រឈមយ៉ាងខ្លាំងក្លាបំផុត។
ប្រជាជននៅក្នុងទីក្រុងនានា ដូចជា Pokrovsk, Kostyantynivka និង Kramatorsk ជាដើម ឥឡូវនេះកំពុងប្រឈមជាមួយនឹងខ្សែត្រៀមជួរមុខដែលកាន់តែកៀកទៅៗយ៉ាងឆាប់រហ័ស និងសូម្បីតែអាចត្រូវបានដណ្ដើមកាន់កាប់។ ជិវីតរបស់នាង Mariya និងម្តាយរបស់នាង លោកស្រី Tetyana កំពុងជួបការលំបាកកាន់តែខ្លាំងឡើង ខណៈដែលកងកម្លាំងរុស្ស៊ីរុលទៅកាន់តែកៀក។ ទីក្រុងរបស់ពួកគេមានសញ្ញាកាន់តែខ្លាំងពីការគំរាមកំហែងដែលជិតកើតឡើង ជាមួយនឹងចម្ងាយ ៣០គីឡូម៉ែត្រ៕