
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចិននឹងផ្តល់ការធ្វើដំណើរលើកលែងទិដ្ឋាការដល់ពលរដ្ឋមកពីប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្សិក និងលុចសំបួរ ចាប់ពីថ្ងៃទី ១៤ ខែមីនាខាងមុខនេះតទៅ ។
ចាប់តាំងពីបើកព្រំដែនឡើងវិញ កាលពីឆ្នាំ ២០២៣ ក្រោយបិទប្រទេសអស់រយៈពេល ៣ឆ្នាំដោយសារជំងឺ COVID-19 ចិនបានស្វាគមន៍ភ្ញៀវទេសចរបរទេស តាមរយៈការផ្តល់គោលនយោបាយលើកលែងទិដ្ឋាការ ។
កាលពីមុន ចិនអនុញ្ញាតការចូលប្រទេសលើកលែងទិដ្ឋាការរយៈពេល ១៥ថ្ងៃ សម្រាប់ពលរដ្ឋមកពីប្រទេសមួយចំនួន ដូចជាអាល្លឺម៉ង់ បារាំង អេស្ប៉ាញ ហូឡង់ និងអ៊ីតាលី ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំង ៥នេះ នៅពុំទាន់បានធ្វើតបជាមួយនឹងគោលនយោបាយស្រដៀងគ្នាសម្រាប់ពលរដ្ឋចិននោះឡើយ ។
ក្នុងសន្និសីទសារព័ត៌មាននៅក្រៅជំនួបសភាប្រចាំឆ្នាំ លោក Wang បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការបង្កើតបណ្តាញរហ័សសម្រាប់ការផ្លាស់ប្តូរបុគ្គលិកឆ្លងដែន ពន្លឿនការចាប់ផ្តើមឡើងវិញជើងហោះហើរអ្នកដំណើរអន្តរជាតិ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋចិនធ្វើដំណើរដោយសេរី និងធ្វើឲ្យមិត្តបរទេសមានអារម្មណ៍ថាដូចជានៅផ្ទះរបស់ខ្លួនឯង ៕