
ខណៈដែលក្រុមហ៊ួទី បានអះអាងពីការស្លាប់លើកដំបូងរបស់ខ្លួន នៅក្នុងការវាយប្រហារនៅសមុទ្រក្រហម រដ្ឋបាលលោកបៃដិន ( Biden) បានកំណត់គោលដៅប្រភពចំណូលរបស់ខ្លួន ដោយដាក់ក្នុងបញ្ជីខ្មៅនៃនាវាពីរគ្រឿង និងប្រតិបត្តិកររបស់ពួកគេពាក់ព័ន្ធនឹងបណ្តាញដ៏ធំទូលាយដែលផ្តល់អត្ថប្រយោជន៍ដល់កងជីវពលតំណាងរបស់អ៊ីរ៉ង់។
ក្រសួងរតនាគារ បានកំណត់គោលដៅទៅលើក្រុមហ៊ួទី ជាមួយនឹងការដាក់ទណ្ឌកម្ម ចាប់តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកា នៅពេលដែលកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារទៅលើនាវាពាណិជ្ជកម្ម ក៏ដូចជានាវាយោធាអាមេរិក និងអង់គ្លេស នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រAden ។ ក្រុមឧទ្ទាមនេះ អះអាងថា ការវាយប្រហារនេះ គឺដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ចំពេលមានសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាប្រឆាំងនឹងក្រុមហាម៉ាស ដែលជាកងជីវពលតំណាងអ៊ីរ៉ង់មួយផ្សេងទៀត។
ទណ្ឌកម្មជាច្រើន បានកំណត់គោលដៅលើបណ្តាញគេចវេសទណ្ឌកម្មខុសច្បាប់របស់អ្នកផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ួទីដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ លោក Sa'id al-Jamal។ រដ្ឋបាលលោកបៃដិន បាននិយាយថា បណ្តាញរបស់លោករកបានរាប់សិបលានដុល្លារតាមរយៈការលក់ទំនិញរបស់អ៊ីរ៉ង់ ដូចជាប្រេង ជាមួយនឹងចំណែកដ៏សំខាន់នៃប្រាក់ចំណូលទៅដល់ក្រុមហ៊ួទី។ លោក A-Jamal ត្រូវបានដាក់ទណ្ឌកម្មជាលើកដំបូងដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០២១។
កាលពីថ្ងៃពុធ ក្រសួងរតនាគារ បានដាក់ទណ្ឌកម្មលើនាវា Reneez ដែលមានទង់ជាតិផាឡាវ (Palau) និងក្រុមហ៊ុន Reneez Shipping Limit ដែលមានមូលដ្ឋាននៅកោះ Marshall សម្រាប់ការដឹកជញ្ជូនទំនិញអ៊ីរ៉ង់រាប់ម៉ឺនតោនសម្រាប់បណ្តាញរបស់លោក al-Jamal។
នាវាទី២ ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅកាលពីថ្ងៃអង្គារ ត្រូវបានកំណត់ថា ជានាវាEternal Fortune មានទង់ជាតិប៉ាណាម៉ា។