ពោធិ៍សាត់ ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤ បានចុះទៅនៅខេត្តពោធិ៍សាត់ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ថាតើមានលក្ខណៈល្អប្រសើរ ឬយ៉ាងណា។
នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍ សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត។ ទន្ទឹមនឹងនោះគណៈ ប្រតិភូរដ្ឋសភាក៏បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍ សាត់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងចៅក្រមព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តផងដែរ។
អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការដឹងគុណដល់ស្ថាប័នរដ្ឋសភាជាតិ ដែលតែងតែបានផ្តល់នូវគោល ការណ៍ណែនាំតម្រង់ទិស និងផ្តល់អនុសាសន៍ល្អៗជាប់ជាប្រចាំគ្រប់កាលៈទេសៈដល់រដ្ឋបាលខេត្ត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ចុះមកបំពេញបេសកកម្មការងារនៅខេត្ត ពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៦ទទួល ខុសត្រូវ។
ដោយឡែកតុលាការខេត្តពោធិ៍សាត់ ក៏បានសំណូមពរនិងស្នើសុំរដ្ឋសភាឱ្យមានការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីបន្ថែមអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក-ក្រុងជាដើមឱ្យមាននីតិសម្បទាក្នុងការបញ្ជួនលិខិតបទដ្ឋានផ្សេងៗឱ្យសមស្រប តាមនីតិវិធីរដ្ឋប្បវេណី។
ឯកឧត្តម អង្គ វង្សវឌ្ឍានា ក្រៅពីបានកោតសរសើររដ្ឋបាលខេត្តជាមួយតុលាការខេត្ត មានកិច្ចសហការល្អជាមួយគ្នាបានល្អនោះជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើ ឲ្យថ្នាក់ដឹកនាំខេត្តនិងមន្រ្តីតុលាការ ត្រូវធ្វើការដោះស្រាយរាល់បញ្ហាដោយការអត់ធ្មត់ទន់ភ្លន់ សហការនិងប្រើប្រាស់វិធានការច្បាប់។
ឯកឧត្តមក៏បាន ស្នើសុំឱ្យចៅក្រម ព្រះរាជអាជ្ញា អនុវត្តវិធានការច្បាប់ឱ្យបានម៉ត់ចត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឈានទៅរកនីតិរដ្ឋ ត្រូវមានទំនាក់ទំនងការងារនិងសាមគ្គី ភាពផ្ទៃក្នុងល្អ។ដោយឡែកការស្នើសុំរបស់តុលាកា រខេត្ត សុំឱ្យមាន ការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី គណៈកម្មការទី៦ នៃរដ្ឋសភា នឹងធ្វើរបាយ ការណ៍ជម្រាបជូនដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕ អត្ថបទ ៖ ភារម្យ