
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិ(UN) បានវាយតម្លៃវិធីសាស្រ្តដែលពួកគេអាចប្រើប្រាស់ផ្លូវយោធាអ៊ីស្រាអែលជាប់ព្រំដែនតំបន់ហ្កាហ្សាស្រ្ទីប ដើម្បីចែកចាយជំនួយមនុស្សធម៌ដល់ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់នៅតំបន់ភាគខាងជើងដែនដីបិទច្រកមួយនេះ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ពេលព្យាយាមទៅដល់ក្បួនរថយន្តដឹកជំនួយនៅជិតទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងនោះភាគច្រើននៃអ្នកស្លាប់ ត្រូវបានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែល ។ យោធាអ៊ីស្រាអែល ដែលគ្រប់គ្រងការចែកចាយជំនួយឯកជន និយាយថា ភាគច្រើននៃអ្នកស្លាប់ ដោយសារការជាន់គ្នា ។
លោក Jamie McGoldrick គឺជាអ្នកសម្របសម្រួលជំនួយ UNសម្រាប់តំបន់កាន់កាប់ហ្កាហ្សា និយាយថា ចាប់តាំងពីឧបទ្ទេវហេតុស្លាប់មនុស្សកាលពីសប្តាហ៍មុន លោកគិតថា អ៊ីស្រាអែលយល់ឃើញច្បាស់ពីផលវិបាកខ្លាំងបែបណាក្នុងការចែកចាយជំនួយ ហើយ UN បានមើលឃើញកិច្ចសហប្រតិបត្តិការកាន់តែច្រើនពីអ៊ីស្រាអែល ។
UN បានព្រមានថា មនុស្សយ៉ាងហោច ៥៧៦.០០០នាក នៅតំបន់ហ្កាហ្សា ដែលស្មើនឹង ១ភាគ៤នៃចំនួនពលដ្ឋសរុបនៅក្នុងដែនដីមួយនេះ ស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ។
បច្ចុប្បន្នជំនួយ ចូលតំបន់ហ្កាហ្សានៅភាគខាងត្បូង ឆ្លងកាត់តាមច្រកព្រំដែន Rafah ចេញពីប្រទេសអេហ្ស៊ីប និងច្រកព្រំដែន Kerem Shalom ចេញពីប្រទេសអ៊ីស្រាអែល ។
លោក McGoldrick ថា ផែនការសម្រាប់ក្បួនរថយន្តដឹកជំនួយ នឹងត្រូវអង្កេតតាមច្រកព្រំដែនទាំងនេះ ហើយបន្ទាប់មកធ្វើដំណើរឆ្លងកាត់ដែនដីអ៊ីស្រាអែល តាមផ្លូវយោធាទៅកាន់ភូមិព្រំដែនអ៊ីស្រាអែល Beeri ៕