ភ្នំពេញ ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩កម្រិតសម្រាល ចំនួន១០៣៣នាក់ហើយ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមផ្ទះ ហើយក្នុងនោះមានអ្នកជំងឺ២៦៨នាក់ បានជាសះស្បើយ។
ការថ្លែងរបស់ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង យ៉ាងដូច្នេះ ធ្វើឡើងនាឱកាសដែរក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-19 កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ មិនមានចំនួនដូចគ្នានោះទេ ហើយគិតត្រឹមព្រឹកនេះ នៅខណ្ឌសែនសុខ ចំនួន២២៦នាក់, ខណ្ឌមានជ័យ ចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ ចំនួន១១៨នាក់, ខណ្ឌបឹងកេងកង ចំនួន៩៨នាក់, ខណ្ឌដង្កោ ចំនួន៨៩នាក់, ខណ្ឌឫស្សីកែវ ចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ ចំនួន៥៨នាក់, ខណ្ឌដូនពេញ ចំនួន៥៤នាក់, ខណ្ឌចំការមន ចំនួន៥៣នាក់, ខណ្ឌទួលគោក ចំនួន៣៩នាក់, ខណ្ឌកំបូល ចំនួន៣៤នាក់ , ខណ្ឌជ្រោយចង្វារ ចំនួន៣០នាក់ និងខណ្ឌដែលមានចំនួនតិចជាងគេ គឺខណ្ឌព្រែកព្នៅ។ ការអនុវត្តព្យាបាលតាមផ្ទះនេះ បានចាប់ផ្តើមតាំងពីខែមេសា និងខែឧសភា ឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងដែរថា អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ត្រូវតែចូលរួមសហការដោយការទទួលខុសត្រូវខ្ពស់ជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សហគមន៍ និងជាមួយគ្រួសារ ក្នុងករណីដឹងថាខ្លួនអ្នកវិជ្ជមានកូវីដ-១៩ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសហគមន៍ និងពីសមាជិកគ្រួសារដទៃទៀត ដែលអាចជាហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នេះមិនចប់ហើយចេះតែធំទៅៗ។ ប្រជាពលរដ្ឋគឺជាកោសិកាមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ កាត់ផ្តាច់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសណាក៏ដូចគ្នាដែរ មិនអាចចេះតែដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដាក់បន្ទុកទៅលើក្រសួសុខាភិបាលនោះទេ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ គឺជារឿងថ្មី យើងក៏គ្មានមេរៀនដែរ គឺធ្វើបណ្តើរ ដកបទពិសោធន៍បណ្តើរ គឺថ្មីទាំងអស់គ្នា ហើយក៏គ្មានការសរសេរអំពីក្បួនខ្នាតជំងឺកូវីដ-១៩ផងដែរ។ ហើយអ្នកដែលមិនចេញរោគសញ្ញាកូវីដ-១៩ មានចំនួនច្រើន ប្រសិនបើអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ១៩ គួរតែធ្វើតេស្តរហ័ស ឬក៏ទៅកន្លែងធ្វើតេស្តរបស់ក្រសួងសុខាភិបាល នេះគឺសម្រាប់អ្នកដែលគ្មានរោគសញ្ញា។ ដូច្នេះអ្នកអត់រោគសញ្ញា និងអ្នកមានរោគសញ្ញាកូវីដ-១៩ហើយ សូមកុំលាក់ត្រូវតែតេមកកាន់លេខទូរស័ព្ទ១២២២ ជូនដំណឹងទៅអាជ្ញាធរ ដើម្បីការពារអាយុជីវិតសាច់ញាតិ បងប្អូន និងការពារអាយុជីវិតខ្លួនឯង។
ជាចុងក្រោយឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្នការឆ្លងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ នៅតែកើតមាន ហើយយើងទាំងអស់គ្នាក៏ត្រូវតែខំពង្រឹងអនុវត្តវិធានការ៣កុំ ៣ការពារ ពិព្រោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះវាជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយសំខាន់ៗ។ និយាយជារួមក្នុងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី១ និងដូសទី២ មានចំនួនជាង១លាន ៦សែន ២ម៉ឺននាក់ ជាចំនួនមួយសឹងថា១០០% ក្នុងរាជធានីភ្នំពេញ ៕អត្ថបទ ៖ រដ្ឋា




