
អំឡុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិន នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីលើកកម្ពស់ដល់កម្លាំងជំរុញថ្មីនៃកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាព។
គួរបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលប្រធានាធិបតីលោក Vladimir Putin បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពោលគឺប៉ុន្មានថ្ងៃមុនពេលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលការសម្រេចនោះបង្កឲ្យមានសង្រ្គាមផ្លូវគោកដ៏អាក្រក់បំផុត នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
លោក Wang បានទទូចថា ប្រទេសចិនតែងតែបន្តរក្សា «គោលដៅ និងគោលជំហរយុត្តិធម៌» ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន ដោយលោកសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនៅតែបន្តទទូចដល់ការលើកកម្ពស់សន្តិភាព។
លោកបានបន្តថា៖ «អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ មានគោលដៅតែមួយគត់ ពោលគឺត្រួសត្រាយផ្លូវ និងកសាងស្ពាន ដែលនាំទៅរកការបញ្ឈប់អរិភាព និងធ្វើការចរចាសន្តិភាព»៕