
ព្រិលធ្លាក់ និងភ្លៀងធ្លាក់ បានវាយប្រហារតំបន់ជាច្រើននៅខេត្តភាគនិរតី Balochistan ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធម្សិលមិញនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Chaman ជាប់ព្រំប្រទល់ជាមួយទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន និយាយថា អាកាសធាតុខុសប្លែកពីធម្មតាក្នុងខែមីនានេះ ពេលដែលរដូវរងាជាទូទៅអំឡុងពេលនេះ បានកន្លងផុតទៅហើយ ។
ខណៈពេលនោះដែរ មន្ទីរឧតុនិយមប៉ាគីស្ថាន បានព្យាករណ៍ពីភ្លៀងធ្លាក់ ព្យុះផ្គរន្ទះ និងព្រិលធ្លាក់នៅតាមតំបន់ភ្នំនៅតំបន់ភាគខាងជើង និងភាគនិរតីខេត្ត Balochistan ក៏ដូចជាតំបន់ Khyber Pakhtunkhwa, Punjab, Gilgit Baltistan និងតំបន់ Kashmir ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Shehbaz Sharif បានប្រកាសកញ្ចប់ជំនួយសម្រាប់ពលរដ្ឋរស់នៅតំបន់រងគ្រោះដោយសារទឹកភ្លៀង ក្នុងខេត្ត Balochistan ។
នៅលើគណនីបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterរដ្ឋាភិបាលប៉ាគីស្ថាន បានបង្ហោះរូបថតសន្លឹកលោក Sharif ចែកចាយជំនួយដល់ពលរដ្ឋនៅក្នុងទីក្រុង Gwadar ខេត្ត Balochistan ៕