
រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកំពុង «ងប់ងុល» ជាមួយនឹងការគាបសង្កត់ប្រទេសចិន ដែលអាចធ្វើឲ្យមានហានិភ័យដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក។
ទំនាក់ទំនង បានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ឆ្នាំមុន ចំពេលមានជម្លោះលើបច្ចេកវិទ្យា ពាណិជ្ជកម្ម សិទ្ធិមនុស្ស ស្ថានភាពរបស់តៃវ៉ាន់ បាឡុងចារកម្មចិនដែលត្រូវបានចោទប្រកាន់ថា បានបាញ់ទម្លាក់ពីខាងលើសហរដ្ឋអាមេរិក និងជំហររបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងថា មាន «ការប្រសើរឡើងមួយចំនួន» នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) និង លោកស៊ី ជីនពីង (Xi Jinping) បានរៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្នុងខែវិច្ឆិកា ដែលជាការជួបគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមានការយល់ខុសអំពីប្រទេសចិន ហើយកំពុងស្វែងរកការរឹតបន្តឹងការអភិវឌ្ឍរបស់ខ្លួន ជាមួយនឹងបញ្ជីនៃទណ្ឌកម្មឯកតោភាគីលើបច្ចេកវិទ្យារបស់ចិន និងក្រុមហ៊ុនផ្សេងទៀត «ឈានដល់កម្រិតគួរឲ្យភ្ញាក់ផ្អើលនៃភាពមិនសមហេតុផលដែលមិនអាចយល់បាននោះ»។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ទូលំទូលាយមួយក្នុងទីក្រុងប៉េកាំងនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រថាប់របស់ប្រទេសចិនថា៖«ប្រសិនបើសហរដ្ឋអាមេរិកនិយាយរឿងមួយ ហើយធ្វើមួយទៀត តើភាពជឿជាក់របស់ខ្លួន នៅឯណាជាប្រទេសសំខាន់»។ «ប្រសិនបើខ្លួនមានអារម្មណ៍ច្រាស់ច្រាលគ្រប់ពេលវេលាដែលឮតែពាក្យថា «ចិន» តើភាពជឿជាក់របស់ខ្លួន ជាប្រទេសសំខាន់នៅឯណា?