
ក្រុមមន្រ្តីក្នុងស្រុក និយាយថា ក្រុមបះបោរអ៊ីស្លាមសង្ស័យ បានចាប់ជម្រិតមនុស្ស ៥០នាក់ ដែលភាគច្រើននៃពួកគេគឺជាស្រ្តីនៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា នៅក្នុងសប្តាហ៍នេះ គឺជាការចាប់ជម្រិតទ្រង់ទ្រាយធំចុងក្រោយគេដោយក្រុមសកម្មប្រយុទ្ធដែលបានបះបោរអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ។
ក្រុមសកម្មប្រយុទ្ធ Boko Haram និងក្រុមរដ្ឋអ៊ីស្លាមខេត្តអាហ្វ្រិកខាងលិច (ISWAP) បានប្រតិបត្តិការនៅរដ្ឋភាគឦសាន Borno ដោយមានគោលដៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួន ។
មន្រ្តីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ដោយសារក្រុមអាជ្ញាធរពុំអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន បាននិយាយថា មនុស្សយ៉ាងហោច ៥០នាក់ នៅក្នុងជំរំជនភៀសខ្លួន បានទៅរើសអុសនៅមាត់បឹងឆាដ ជាកន្លែងដែលក្រុម ISWAP ប្រតិបត្តិការ ។
មន្រ្តីមួយរូបមកពីកងកម្លាំងការងារចម្រុះស៊ីវិល ដែលជួយកងទ័ពនីហ្សេរីយ៉ា ប្រយុទ្ធជាមួយក្រុមជីហាដនោះ និយាយថា ឧបទ្ទេវហេតុចុងក្រោយនេះ បានកើតមានឡើងកាលពីថ្ងៃចន្ទនៅតំបន់ដាច់ស្រយាល Gamboru ដែលមានព្រំដែនរួមគ្នាជាមួយប្រទេសឆាដ និងប្រទេសកាមរូន ៕