
តួលេខផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ដោយផ្តល់ឲ្យអ្នកបង្កើតគោលនយោបាយនូវចំណុចភ្លឺស្វាង នៅពេលដែលពួកគេប្រយុទ្ធ ដើម្បីស្តារសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ។
ការនាំចេញទៅក្រៅប្រទេស បានបម្រើជាយូរមកហើយជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយផ្តល់នូវការងារយ៉ាងច្រើនសម្រាប់វិស័យផលិតកម្ម។
រដ្ឋបាលគយទូទៅ បាននិយាយថា នៅក្នុងខែមករា និងកុម្ភៈ រួមបញ្ចូលគ្នាការនាំចេញ បានកើនឡើង ៧,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានបំបែកការព្យាករណ៍ ១,៩ភាគរយ នៅក្នុងការស្ទង់មតិរបស់អ្នកវិភាគនៃសារព័ត៌មាន Bloomberg។
ការកើនឡើងដ៏ធំនេះ ត្រូវបានគេសន្មតថា ជាផ្នែកនៃមូលដ្ឋានទាបក្នុងការប្រៀបធៀបជាមួយខែមករាដល់ខែកុម្ភៈឆ្នាំមុន នៅពេលដែលប្រទេសចិន បានងើបចេញពីវិធានការ សូន្យ-Covid ដ៏តឹងរឹងរបស់ខ្លួន។
ការនាំចេញ បានកើនឡើង ចាប់តាំងពីខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះរយៈពេល៦ខែជាប់គ្នា។
ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដោយសារអតិផរណាស្អិត និង អត្រាការប្រាក់កើនឡើង បន្តកាត់បន្ថយតម្រូវការទំនិញរបស់ចិន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao បានទទួលស្គាល់ការស្ទុះងើបឡើងវិញនាពេលថ្មីៗនេះកាលពីថ្ងៃពុធនៅខាងក្រៅការជួបជុំនយោបាយដ៏ធំមួយនៅទីក្រុងប៉េកាំង ហើយបានសង្កត់ធ្ងន់ថា«និន្នាការទាំងមូល គឺកើនឡើង»។