សៀមរាប ៖ ចាប់ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្រុងសៀមរាប ទៅទទួលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលជាបន្ដបន្ទាប់ ខណៈដែលក្រុងនេះ បានប្រឈមនឹងការឆ្លងកូវីដ១៩។
ការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើអោយពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៏កាចសាហាវមួយនេះ។ ពួកគាត់សម្ដែងការសប្បាយចិត្ដនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រុមគ្រូពេទ្យដែលបានយកចិត្ដទុកដាក់ដល់ពួកគេ។
ប្រជាពលរដ្ឋមកនៅសង្កាត់សៀមរាប ក្រុងសៀមរាប បានផ្ដល់បទសម្ភាសន៍ដល់ប៊ីធីវី ដូចគ្នាថា ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅក្នុងក្រុងសៀមរាប បាននឹងកំពុងរីករាលដាលជំងឺកូវីដ១៩នេះ ក៏តែច្រើនឡើងៗ។ ពួកគាត់ បានបន្ដថា ការទទួលបានវ៉ាក់សាំងអាចជួយការពារជីវិតរបស់ពួកគាត់ពីសេចក្ដីស្លាប់ ។ជាងនោះទៅទៀតពួកគាត់ ខ្លះជាអ្នកជំនួញ អ្នកលក់ដូរ អ្នកធ្វើការងារផ្នែកទេសចរណ៍ ហើយពេលបានទទួលវ៉ាក់សាំងនេះ ងាយស្រួលបានដើរទៅទស្សនា ក៏ដូចជាអ្នកទេសចរណ៍បានធ្វើដំណើរចេញពីប្រទេសមួយទៅប្រទេសមួយទៀត ។
ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារ និងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៏ដោយ។ ពួកគាត់ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ។ពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។
លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ និងប្រធានក្រុមការងារចាក់វ៉ាក់សាំងបង្កាកូវីដ១៩ មានប្រសាសន៍ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ដ មិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយម ជនបរទេស ពោលប្រជាពលរដ្ឋណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ជាមួយគ្នានោះ វ៉ាក់សាំងបង្កាកូវីដ១៩នេះ មិនមានការលក់ដូរឬគិតកម្រៃជើងសារពីប្រជាពលរដ្ឋណាឡើយ ហើយបើសិនមានជនខិលខូចណាលួចលក់វ៉ាក់សាំងឲ្យពលរដ្ឋនិងត្រូវចាត់វិធានការផ្លូវច្បាប់។ លោក បានបន្ដថា ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ដំណាក់កាលទី២នេះ ពួកគាត់មកទទួលវ៉ាក់សាំងជាងមួយម៉ឺននាក់ទៅជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ និងមានក្រុមគ្រូពេទ្យប្រតិបត្ដិការជាង៣៥០នាក់ ដែលតាមផែនការចាក់ជូនពលរដ្ឋនៅក្រុងសៀមរាប មានចំនួនជាង២១ម៉ឺនាក់។សូមជម្រាបថា ការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នេះ៕
អត្ថបទ ៖ សាវី


