ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិកូរ៉េ២នាក់ជាប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធគ្រឿងញៀន២គីឡូក្រាម ចំនួន២បទល្មើស រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី ។
ជនជាប់ចោទទាំង២នាក់ ត្រូវចោទប្រកាន់ពីបទ « ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និង ផ្តើមគំនិតក្នុងបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធា សារធាតុញៀន » ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៤០ និង ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា ជនជាតិកូរ៉េ២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននឝរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនគ្រាដែលជនទាំង២ ប៉ងដឹកជញ្ជូនសារធាតុញៀនចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តាមរយៈជើងហោះហើរ ក្រុមហ៊ុន (SKY ANGKOR AIRLINE) ZA215 /04MAR24 ។
សូមបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់មានឈ្មោះ Kim jangeun ភេទប្រុស ( ប្ដី ) និង ប្រពន្ធមានឈ្មោះ Lee hyeran ។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ជាង ២គីឡូក្រាម ៕ ដោយ ៖ លីហេង

