
ក្រុមនយោបាយឈានមុខគេរបស់សហភាពអឺរ៉ុប (EU) គឺគណបក្សប្រជាជនអឺរ៉ុបកណ្តាលស្តាំនិយម (EPP) នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) នេះ បានបោះឆ្នោតគាំទ្រប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ជាបេក្ខជនរបស់ខ្លួន ដើម្បីទៅប្រជែងតំណែងនាយកប្រតិបត្តិដ៏មានឥទ្ធិពលរបស់ប្លុកនេះ។
ប្រតិភូរបស់ EPP បានបោះឆ្នោតគាំទ្រ ៤០០សំឡេង ហើយ ៨៩សំឡេងប្រឆាំងនឹងការយល់ព្រមឲ្យលោកស្រី von der Leyen ក្លាយជាបេក្ខជនរបស់ពួកគេ សម្រាប់រយៈពេល ៥ឆ្នាំទៀត ក្នុងការកាន់តំណែងកំពូលរបស់ EU មួយនេះ ដែលនឹងត្រូវសម្រេចបន្ទាប់ពីមានការបោះឆ្នោតសភាទូទាំងប្លុក នៅក្នុងខែមិថុនា។
ដោយថ្លែងនៅក្នុងពិធីជប់លៀងជួបជុំ នៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានី លោកស្រី von der Leyen បានរៀបរាប់នូវបញ្ហាជាច្រើន ដូចជាសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិនៅតំបន់ហ្កាហ្សាដែលធ្វើឲ្យមានអស្ថិរភាពនៅមជ្ឈិមបូព៌ាជាចដើម ហើយបានលើកឡើងពីប្រទេសចិនថា ជាបញ្ហាប្រឈមដ៏សំខាន់ នាពេលខាងមុខ សម្រាប់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ ដែលជាប្លុកអ្នកមានប្រជាជនប្រហែល ៤៥០លាននាក់៕