ភ្នំពេញ ÷ ក្នុងឱកាសអញ្ជើញជាអធិបតីនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី៧ ខែមីនា ក្រោមប្រធានបទ “យុវជន ដើម្បីវប្បធម៌ជាតិ" និងជួបសំណេះ សំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា៖វិស័យសិល្បៈនិងវប្បធម៌ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល ដែលម្យ៉ាងសំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ
សម្តេចធិបតីបានគូសបញ្ជាក់ថា៖សុភាសិតខ្មែរ ទំពាំងស្នងឫស្សីត្រូវបានប្រើប្រាស់គ្រប់ពេលវេលា គ្រប់កាលៈទេសៈបានបន្តក្លាយជាគោលការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្រប់នីតិកាលហើយនីនីតិកាលទី៧របស់រដ្ឋសភាក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១បានកំណត់ច្បាស់ បន្តផ្តោតអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្សដែលជាលក្ខខ័ណ្ឌស្លាប់រស់ ដើម្បីជំរុញផលិតភាព ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ននិងភាពធន់។ការដាក់ចេញ ឲ្យអនុវត្តជាបន្ទាន់នូវផែនការសកម្មភាពអាទិភាពទាំង ៦ចំណុចគឺសំដៅដល់ការបង្កើតឱកាសការងារ ពង្រឹងអាជីពនិងការធានានូវចីរភាពផ្នែកចំណូលរបស់ប្រជាជនជាពិសេសយុវជនយើង។
សូមបញ្ជាក់ថា៖ រយៈ ពេល៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ »ដើម្បីជំរុញការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សាសិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ហើយក៏ជាព្រឹត្តិការណ៍រំឭកនិងបង្កើនការ ប្រុងប្រយ័ត្នចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាពនៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងសង្គមសេដ្ឋកិច្ចផងដែរ៕ ដោយ ÷ ដារា





















