កសិករប្រទេសអេស្បាញ និងបារាំង បានរួមកម្លាំងគ្នា បិទព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ខណៈ ពួកគេទាមទារឲ្យមានវិធានការពីអ្នកបង្កើតគោលនយោបាយលើបញ្ហាជាច្រើន ដែលពួកគេនិយាយថា ប៉ះពាល់ដល់ដល់ពួកគេជាអវិជ្ជមាន។

កសិករប្រទេសអេស្ប៉ាញរាប់សិបនាក់ បានបើកត្រាក់ទ័រពីទីក្រុង Irun ឆ្ពោះទៅកាន់ព្រំដែន ដើម្បីចូលរួមជាមួយមិត្តភក្ដិបារាំងរបស់ពួកគេ។ កសិករអេស្ប៉ាញ បានប្រាប់អ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ព្រំដែនថា យើងមកគាំទ្រកសិករបារាំង ហើយទាមទារដូចគ្នា ព្រោះពួកគេស្នើសុំជាចម្បងដកការបង់ពន្ធទាំងអស់លើប្រេងសាំង មិនមែនត្រឹមតែពន្ធអាករលើតម្លៃបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែលើពន្ធទាំងអស់ ដូចដែលត្រូវបានធ្វើនៅក្នុងជួរកងទ័ព អាកាសចរណ៍ និង វិស័យដឹកជញ្ជូន។

វីដេអូ បានបង្ហាញរថយន្តដឹកទំនិញ និងយានយន្តរាប់រយគ្រឿង បានជាប់គាំងនៅខាងផ្នែកប្រទេសបារាំង ខណៈកសិករតវ៉ា កំពុងចម្អិនអាហារ និងកាន់ស្លាកសញ្ញាតវ៉ា។
កសិករ បានធ្វើការតវ៉ាជាច្រើនសប្តាហ៍មកហើយ នៅទូទាំងទ្វីបអឺរ៉ុប ដែលត្អូញត្អែរអំពីបញ្ហាជាច្រើន មានចាប់ពីតម្លៃទាបនៅតាមផ្សារទំនើប រហូតដល់ការនាំចូលមានតម្លៃទាប ដែលធ្វើឲ្យធ្លាក់ចុះតម្លៃរបស់អ្នកផលិតក្នុងស្រុក និងមានច្បាប់បរិស្ថានដ៏តឹងរឹងរបស់សហភាពអឺរ៉ុប។