យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ពលរដ្ឋប្រទេសហៃទី មើលឃើញថា ពួកគេមានការតស៊ូដោយខ្លួនឯង បន្ទាប់ការកើនឡើងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល ដែលកំពុងព្យាយាមបណ្តេញនាយករដ្ឋមន្ត្រី លោក Ariel Henry។

នៅក្នុងរដ្ឋធានី ព័រ អូប្រាំង ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដុតប៉ុស្តិ៍នគរបាល និងបានចូលលួចយកអាហារនៅទីផ្សារក្នុងស្រុកមួយកន្លែង នៅក្នុងហេតុការណ៍ថ្មីនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលកំពុងវាយលុកប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។ ស្ថានភាពច្របូកច្របល់ បានបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈ។ ស្ថានីយប្រេងច្រើនកន្លែង ត្រូវបានបិទដោយជំរុញឲ្យអតិថិជនទិញនៅតាមដងផ្លូវដែលលក់ប្រេងខុសច្បាប់។

នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានចូលចតនៅទឹកដី Puerto Rico សហរដ្ឋអាមេរិក ដោយជម្រះមន្ទិលសង្ស័យអំពីទីកន្លែងសុំចតរបស់លោក បន្ទាប់ពីលោក បានធ្វើដំណើរទៅប្រទេសកេនយ៉ា កាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ក្នុងបំណងធានាដល់ការដឹកនាំកម្លាំងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល ជាអន្តរជាតិរបស់ប្រទេសអាហ្វ្រិក។
ក្រុមជនអន្ធពាលនៅទីក្រុងព័រ អូប្រាំង ដែលកំពុងប្រយុទ្ធដើម្បីដណ្តើមយកដែនដី បានផ្តល់សញ្ញាថាពួកគេអាចរួមកម្លាំងគ្នាដើម្បីប្រយុទ្ធប្រឆាំងកងកម្លាំងអន្តរជាតិ ជារណសិរ្សរួបរួម។
រដ្ឋាភិបាលរបស់ប្រទេសហៃទី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្ថែមពេលដាក់រដ្ឋក្នុងគ្រាអាសន្ន នៅជុំវិញទីក្រុងព័រអូប្រាំងមួយខែទៀត។ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ «ជិតដួលរលំហើយ» ដោយមានការខ្វះបុគ្គលិក ឧបករណ៍ គ្រែ ថ្នាំពេទ្យ និងឈាម សម្រាប់ព្យាបាលអ្នកជំងឺរងរបួសដោយគ្រាប់កាំភ្លើង។