នៅថ្ងៃចន្ទទី១១មីនា សប្ដាហ៍ក្រោយ ប្រទេសជប៉ុន នឹងប្រារព្ធខួបលើកទី១៣ឆ្នាំ នៃគ្រោះរញ្ជួយដីដ៏ធំនិងរលកយក្សស៊ូណាមិ ដែលបានឆក់យកជីវិតមនុស្ស និងបណ្ដាលឲ្យបាត់ខ្លួន ជាង២ម៉ឺននាក់ព្រមទាំងបង្កើតឲ្យមានគ្រោះមហន្តរាយថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima)។

កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១១ ការរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបណ្ដាលឲ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុត នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈិ(Fukushima Daiichi plant) ចម្ងាយប្រមាណ២២០គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ជាទីដែលម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣បានរលាយ ពោលគឺគ្រោះមហន្តរាយនេះបានកើតឡើងចាប់តាំងពីការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុងឈើណូបៀល (Chernobyl) ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ១៩៨៦ ។

គ្រោះមហន្តរាយផ្សេងៗ និងការរលាយម៉ាស៊ីនរ៉េអាក់ទ័រ នៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា បានបង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន។
រយៈពេល១៣ឆ្នាំមកនេះ សាធារណៈជននៅតែប្រយ័ត្នប្រយែងចំពោះថាមពលនុយក្លេអ៊ែរ បន្ទាប់ពីគ្រោះមហន្តរាយនៅរោងចក្រហ៊្វូគូស៊ីម៉ា បានបង្ហាញពីការបរាជ័យយ៉ាងធំក្នុងការ ការត្រួតពិនិត្យ និងប្រតិបត្តិការក្នុងវិស័យនេះ។

ជាលទ្ធផល ប្រទេសជប៉ុនឥឡូវនេះពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិរាវ (LNG) និងធ្យូងថ្ម ដោយមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ១១ ដំណើរការប៉ុណ្ណោះ ដែលធ្លាក់ចុះពីប្រហែល ៥០ មុនពេលមានគ្រោះមហន្តរាយនោះ។
កាលពីខែសីហា ឆ្នាំ ២០២៣ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាងមួយលានតោនពីរោងចក្រចូលទៅក្នុងមហាសមុទ្រ ជាដំណើរការដែលនឹងចំណាយពេលរាប់ទសវត្សរ៍ទើបបញ្ចប់។ សកម្មភាពនេះបានបង្កក្តីបារម្ភពីអ្នកនេសាទក្នុងតំបន់ និងការជំទាស់ពីប្រទេសជិតខាងរបស់ខ្លួន ដូចជា ចិន និងកូរ៉េខាងត្បូង។
ក្រុមនិយតករបានចាត់ទុកថាសំណល់ទឹកមានសារធាតុវិទ្យសកម្មនេះមានសុវត្ថិភាពក្នុងការបញ្ចេញ ក្រោយធ្វើប្រព្រឹត្តិកម្មរួច៕